ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ សម្រេច​បាន​៧៦,៨៧%​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នា​ដើមខែ​កញ្ញា ឆ្នាំ​២០២៣​ខាង​មុខ​នេះ

0

ភ្នំពេញ​៖ យោង​តាម​របាយការណ៍​វឌ្ឍនភាព​ការងារ​របស់​អង្គភាព​អនុវត្ត​គម្រោង (PIU) ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ (​ផ្លូវជាតិ​លេខ​៤ – ផ្លូវជាតិ​លេខ​១) ដែល​មាន​ប្រវែង​សរុប​ជិត ៥៣​គីឡូម៉ែត្រ សម្រេច​បាន ៧៦,៨៧% ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​។ ក្នុង​នោះ​ដែរ ការងារ​ផ្លូវ​សម្រេច​បាន ៧២,៤៦% ការងារ​ស្ពាន​រំលង (Flyover) សម្រេច​បាន ៦៩,៩០% និង​ការងារ​ស្ពាន​សម្រេច​បាន ៩៥,៩៨%​។

ផ្លូវ​ក្រវាត់ក្រុង​មួយ​ខ្សែ​នេះ ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤+១០៥ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅ​កាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ​៥ ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ​៦ ហើយនឹង​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប​ថ្មី​មួយ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ដឹក​ជញ្ជូន​រវាង​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៦ លេខ​៥ លេខ​៤ លេខ​៣ លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដោយ​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន មក​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ផ្លូវ​មេ​)​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ខ្សែ​ផ្លូវ​នេះ​ក៏​បាន​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់​ផែ​ស្វ័​យ​ត​ភ្នំពេញ នៅ​ក្នុងស្រុក​កៀនស្វាយ ក៏​ដូច​ជា​បំពេញ​ឱ្យ​កា​រត​ភ្ជាប់​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​យ (AH1 និង​AH11) និង​ផ្លូវ​របៀង​សំខាន់​ៗ (​របៀង​កណ្តាល និង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​) របស់​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ​។

គួរ​រំលឹក​ដែរ​ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ត្រូវ​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ ដែល​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុង​តម្លៃ ២៦៧,៦៧ លាន​ដុល្លារ​អា​មេ​រិ​ក និង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុង​តម្លៃ ៥,៣៨ លាន​ដុល្លារ​អា​មេ​រិ​ក​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន