រថយន្ត​ដឹក​ទឹកកក សាកល្បង​កម្លាំង​នឹង​គោ​យន្ត​! បណ្តាល​អោយ​បាក់ជើង​ម្នាក់

0

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​(​បាក់ជើង​ខាងស្តាំ​) បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​ទឹកកក​អនាម័យ ប៉ះទង្គិច​ជាមួយ​គោ​យន្ត ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡោះ​ង​នៅ​វេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ចំណុច​មុខ​របង​សាលាស្រុក​ស្វាយចេក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ក្នុងភូមិ​ស្ទឹង ឃុំ រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​មឿ​ន លិច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ដឹក​គ្រែ​លក់ ។ មុន​ពេល​កើតហេតុ អ្នក​បើក​គោ​យន្ត​កន្ត្រៃ​និង​ប្រពន្ធ បាន​ឈប់​គោ​យន្ត​នៅ​លើ​ចិញ្ចើមថ្នល់​ខាងឆ្វេង​នៃ​ផ្លូវ​បែរ​ក្បាល​ទៅ​ទិស​ខាងជើង​ដើម្បី​សម្រាក ។ លុះ​នៅ​វេលា​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទឹកកក​អនាម័យ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B.9474 បើកបរ​ដោយ​ឈ្មោះ វ៉ា វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ឈ្មោះ មឿ​ន លិច ជា​ប្តីរ​ងរ​បួស​បាក់ជើង​ខាងស្តាំ ត្រូវ​បាន​ប្រពន្ធ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ