បាត់ដំបង ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី នៅតាមផ្លូវជាតិលេខ៥៩ ក្រុមទី០៥ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិត) មួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យ មួយក្រុមមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ០៨នាក់ ភេទប្រុស ជិះម៉ូតូចំនួន ០៤គ្រឿង មានកាំបិតចំនួន ០៣ដើម បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ០១នាក់ឈ្មោះ រីត តាវ៉ាន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ សិស្ស បណ្ដាលឲ្យរងរបួសត្រង់ត្រចៀកខាងឆ្វេង និងកែងដៃឆ្វេង ករដៃឆ្វេង រងរបួសធ្ងន់ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។
រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី កម្លាំងនគរបាលផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានទទួលបណ្ដឹងពីឈ្មោះ ហៀង ស៊ីយ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ លក់ដូរ (ត្រូវជាបងជីដូនមួយជនរងគ្រោះ) ពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើប្អូនប្រុសជីដូនមួយខ្លួន ។
ក្រោយទទួលបណ្ដឹងពីបងជនរងគ្រោះរួចមក ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង៥០នាទី លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បឿន គឹមហុង ហៅ ផ្លយ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ យកមកសាកសួរនៅកន្លែងអធិការដ្ថាននគរបាលស្រុកកំរៀង។
ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី បក្សពួកខ្លួនមានគ្នាចំនួន ០៨នាក់ បានជិះម៉ូតូចំនួន ០៤គ្រឿង ដោយខ្លួនកាន់កាំបិតខ្វែវមួយពេលជិះទៅដល់មុខតូបលក់ឥវ៉ាន់ ក៏ឃើញជនរងគ្រោះឈ្មោះ រីត តាវ៉ាន ពួកខ្លួននាំគ្នាចុះពីលើម៉ូតូទៅវាយជនរងគ្រោះ ហើយខ្លួនបានកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងគ្រោះធ្ងន់ រីឯបក្ខពួករបស់ខ្លួនបានរត់គេចខ្លួនបាត់។
នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ