ខំព្យាយាម​ដែរ​!! ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​ជាប់​ខ្នោះ​ទៀត

0

កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​។ ប្រតិបត្តិការ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១០៖៣០​នាទី នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​៦៥-៦៦​លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ វាង យ៉ាង​ទៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ សមត្ថកិច្ច​ដកហូត​វត្ថុ​តាងៈ ម៉ូតូ​០១​គ្រឿង ម៉ាក​ZOOMER-X ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង​1C-9725​។

សមត្ថកិច្ច​បាន​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ឆរ​បោក កាលពី​វេលា​ម៉ោង​០៩៖៣០​នាទី នៅ​ចំណុច​ភូមិ​ផ្សារ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ជនសង្ស័យ​ឈ្មោះ វាង យ៉ាង​ទៀង បាន​ឆ្លើយ​សារភាព​ខ្លួន​បាន ធ្វើ​សកម្មភាព​ឆរ​បោក​យក​ម៉ូតូ​ខាងលើ ខណៈ​ពេល​ដែល ឈ្មោះ ឃុន ចាន់​ធី ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ប្រើ​ជនសង្ស័យ អោយ​ជិះ​ម៉ូតូ​របស់​ខ្លួន​ខាងលើ ដើម្បី​ជូន​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ ទូច គំនិត អាយុ​៣២​ឆ្នាំ រស់នៅ​ភ្នំពេញ ទៅ​ចំណតរថយន្ត​ក្នុង​ផ្សារ ពេល​ដែល​ជូន​រួច​ហើយ​ឈ្មោះ វាង យ៉ាង​ទៀង ក៏​ជិះ​ម៉ូតូ​ខាងលើ​សំដៅ​ទៅ​ទិស​ខាងកើត​តែ​ម្ដង គោលបំណង​ទៅ​យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង​។

ករណី​ខាងលើ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ