មណ្ឌលគិរី ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង១៥នាទី នៅត្រង់ចំណុចផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីប្រើអំពើហឹង្សាដោយចេតនាមួយបានកើតឡើង បណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ។ ជនសង្ស័យដែលជាជនបង្កមានឈ្មោះ ព្រីង រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន រស់នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រើអំពើហឹង្សាដោយចេតនាទៅលើជនរងគ្រោះមានឈ្មោះ សែម ម្លាវ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានស្រុកកំណើត ភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃ ស្រុកពេជ្រាដា បានបញ្ជាក់ថា ៖ មុនពេលកើតហេតុនៅផ្ទះឈ្មោះ វឺប ចន ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ មានកម្មពិធីកាប់ក្របីសែនព្រេន ហើយមានប្រជាពលរដ្ឋចូលរួមផឹកសុីជាច្រើននាក់ នៅក្នុងនោះក៏មានបុរសដែលជាជនបង្កក៏បានចូលរួមក្នុងកម្មពិធីនោះផងដែរ ។ ជនបង្កស្ថិតក្នុងស្ថានភាពស្រវឹងក៏បានបះទង្កិចពាក្យសំដីគ្នាជាមួយជនរងគ្រោះ រួចក៏បានដើទៅយកដាវពីផ្ទះរបស់ខ្លួនមកដេញកាប់មនុស្សក្នុងកម្មពិធីរត់គេចរាងៗខ្លួនអស់ទៅ នៅសល់តែជនរងគ្រោះកំពុងតែអង្គុយស្រាប់តែជនបង្កបានយកដាវកាប់ទៅលើជនរងគ្រោះចំគល់កខាងក្រោយបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា សហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៣០៣ និងកម្លាំងប៉ុស្តិ៍ពូជ្រៃ បានចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមអនុវត្តនីតិវិធីច្បាប់ រីឯជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ