ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​សេវា​ខ្ចី​លុយ​ជូន​អតិថិជន

0

ភ្នំពេញ​៖ ថ្មី​ៗ​នេះ មាន​វី​ដេ​អូ​មួយ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យាយ​គុំ ទឹកឆា​” និង​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​អំពី​អ៊ំ​ស្រី​ម្នាក់​បាន​សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​នឹង​ក្រុមហ៊ុន​ស្មា​ត​អាស្សា​តា ដែល​បាន​កាត់​លុយ​ដោយ​មិនដឹង​មូលហេតុ​នៅ​ពេល​គាត់​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរ​សព្ទ​របស់​គាត់​។ បន្ទាប់​ពី​ឃើញ​ករណី​នេះ អគ្គាធិការដ្ឋាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) សហការ​ជាមួយ​និយ័ត​ករ​ទូ​គមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.) បាន​ចុះ​ទៅ​សិក្សា​ស្វែង​យល់ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​នេះ​ភ្លាម​ៗ​។

ក្រោយ​ពី​បាន​ពិនិត្យ និង​សាកសួរ​លោកស្រី កុ​ល សុខ​គុំ ដែល​ជា​អ្នក​ជួប​បញ្ហា​នេះ​ផ្ទាល់ បាន​រក​ឃើញ​ថា ការ​កាត់ទឹក​ប្រាក់​របស់​គាត់​គឺ​បណ្តាល​មក​ពី​លេខ​ទូរ​សព្ទ​នេះ​នៅ​ជំពាក់​លុយ​ដែល​បាន​ខ្ចី​នៅ​ពេល​ដែល​ទូរ​សព្ទ​មិន​អាច​ហៅ​ចេញ ហើយ​នៅ​ពេល​ដែល​បញ្ចូល​ទឹកប្រាក់​ឡើង​វិញ ក្រុមហ៊ុន​ក៏​បាន​កាត់​លុយ​នោះ​សង​ត្រលប់​វិញ​ភ្លាម​ៗ​។ លោកស្រី​ក៏​បាន​បញ្ជាក់​ថា ពុំ​បានដឹង​អំពី​ការ​ខ្ចី​នោះ​ឡើយ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​រូប​គាត់​ខឹងសម្បារ​អំពី​ការ​កាត់​លុយ​ដោយ​គ្មាន​មូលហេតុ​។ ក្នុង​ន័យ​នេះ ដើម្បី​ការពារ​កុំឱ្យ​មាន​ករណី​ខ្ចី​លុយ​ដោយ​សាមីខ្លួន​មិន​បានដឹង ន​.​ទ​.​ក​. បាន​ណែនាំ​ឱ្យ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​សេវា​ខ្ចី​លុយ​ជូន​អតិថិជន​បន្ត​ទៀត ដើម្បី​ជៀសវាង​កុំឱ្យ​មានការ​ភាន់ច្រឡំ​ផ្សេង​ៗ ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​។

ក​.​ប​.​ទ​. សូម​ជម្រាប​ជូន​សាធារណជន​ផង​ដែរ​ថា កន្លង​មក ក​.​ប​.​ទ​. បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​កិច្ច​ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់ ជា​ពិសេស​បញ្ហា​កាត់ទឹក​ប្រាក់​ទូរ​សព្ទ​ពី​ប្រតិបត្តិ​ករ​ដោយ​ពុំ​ដឹង​មូលហេតុ ឬ​កា​រត​ភ្ជាប់​សេវា​ផ្សេង​ៗ​ដោយ​មិន​បានដឹង​ជាដើម ដោយ​បាន​ដាក់​ឱ្យ​អនុវត្ត​លេខ​កូដ​រួម *1200# ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ផ្តាច់​គម្រោង​ដែល​មិន​ចាំបាច់​។ សាធារណជន​អាច​ទស្សនា​វី​ដេ​អូ​ពន្យល់​ពី​វិធី​ផ្តាច់​គម្រោង​នេះ​តាម​រយៈ​ទំព័រ​ហ្វេ​ស​បុក ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឬ​ស្កេ​ន QR Code ខាងក្រោម ឬ​តាម​រយៈ​តំណ​ភ្ជាប់ https://fb.watch/eq5gO55sjc/ ។ ទន្ទឹម​នឹង​នេះ ចំពោះ​អ្នក​ប្រើប្រាស់​ដែល​ជួប​បញ្ហា​ផ្សេង​ពាក់ព័ន្ធ​នឹង​សេវា​ទូរគមនាគមន៍ ក៏​អាច​ប្តឹង​តវ៉ា​មក​នាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ នៃ ន​.​ទ​.​ក​. តាម​រយៈ​ទូរ​សព្ទ 6789 ដើម្បី​ដោះស្រាយ​ជូន​ផង​ដែរ​។

ជា​ថ្មី​ម្តងទៀត ក​.​ប​.​ទ​.​ប្តេជ្ញា​បន្ត​តាមដាន​និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ស្រប​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ចំពោះ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ណា ដែល​បាន​ប្រព្រឹត្ត​ខុស​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

No photo description available.