សៀមរាប ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនត្រូវចោទចំនួន ០៥នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី លួចរថយន្ត និងទទួលផលចោរកម្ម ។
ជនសង្ស័យទាំង៥នាក់ មាន ៖ ១-ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ(លួច) ។ ២- ឈ្មោះ ប៉ូលី សានសាន់ ភេទប្រុស ៣១ឆ្នាំ(ទទួលផល) ។ ៣-ឈ្មោះ ណោ ឈាងបួយ ភេទប្រុស ៣៤ឆ្នាំ(ទទួលផល) ។ ៤-ឈ្មោះ ផន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ(ទទួលផល) និង ០៥-ឈ្មោះ ផន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ(ទទួលផល) ពីបទលួច(រថយន្ត) និងទទួលផលចោរកម្ម ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រៃវែង និងកំពង់ចាម រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឆេម សុគង់ ភេទប្រុស ករណីបាត់រថយន្ត(យកឡានទៅទុកឲ្យធ្វើ ហើយជាងលួចយកទៅបាត់) នៅចំណុចយានដ្ឋាន ភី អ វ៉ាយ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម ធ្វើការនាំខ្លួនមនុស្សចំនួន០៥នាក់ យកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទី០១ ឈ្មោះ ហេង សុភ័ក្រ បានរៀបរាប់ថា: រូបគេជាជាងឡាន ផ្នែកភ្លើង ហើយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់យាដ្ឋាន ភី អ វ៉ាយ បានទាក់ទងអោយរូបគេមកធ្វើការនៅយានដ្ឋាននៅសៀមរាប លុះធ្វើការដល់ថ្ងៃទី០៣ ខែឆ្នាំ ដដែល រូបគាត់បានធ្វើសកម្មភាព បើកឡាន ០១គ្រឿង ម៉ាក FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វើ ចេញពីយានដ្ឋានយកទៅលក់ ។ បន្ទាប់ពីយកឡានបានភ្លាមៗរូបគេបានទាក់ទងទៅឈ្មោះ សាន់ ភេទ ប្រុស ប្រាប់ថា មានឡាន០១គ្រឿងគ្មានពន្ធនាំចូល កែចង្កូតពីស្តាំទៅឆ្វេង ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ ជួយរកអ្នកទិញផង ។ ក្រោយមកឈ្មោះ សាន់ ក៏បាននាំមនុស្សម្នាក់ឈ្មោះ បួយ ហៅថា តឿ មកមើលឡាន ។ ក្រោយពីមើលហើយឈ្មោះ បួយ ហៅ តឿ ក៏យកឡានទៅដោយប្រាប់ថា យកទៅឲ្យអ្នកទិញមើល ។ បន្ទាប់មកឈ្មោះ តឿ ក៏ត្រឡប់មកវិញ ជាមួយប្រាក់ថ្លៃឡានចំនួន៤០០០ដុល្លារ ប្រគល់ឲ្យគេ ។
ជនសង្ស័យទី០២ . ឈ្មោះ ប៉ូលី សានសាន់ បានរៀបរាប់ថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ភ័ក្រ ភេទប្រុស បានទាក់ទងរូបគេប្រាប់ថា មានគេចង់លក់ឡាន ០១គ្រឿង ម៉ាកFORD កែចង្កូតពីស្តាំ ទៅឆ្វេង គ្មានពន្ធនាំចូល ។ ពេលនោះជនសង្ស័យទី ២ បានប្រាប់ទៅវិញថា អញ្ចឹង ០២ថ្ងៃទៀតយកឡានមកចាំឲ្យឈ្មោះ បួយ រកម៉ូយទិញ ។ លុះដល់ថ្ងៃទី០៣ ខែឆ្នាំដដែលឈ្មោះ ភ័ក្រ បានយកឡានមកជួបរូបគាត់ និងឈ្មោះបួយ ហើយឈ្មោះ បួយ បានជិះឡាននោះយកទៅលក់ មួយសន្ទុះឈ្មោះ បួយ បានយកប្រាក់មកប្រគល់អោយឈ្មោះសុភ័ក្រ ហើយរូបគាត់ទទួលបានប្រាក់២៥០ដុល្លារដែលបានជួយរកម៉ូយទិញឡាន ។
ជនសង្ស័យទី០៣ . ឈ្មោះ ណោ ឈាងបួយ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម បានឲ្យដឹងថា: កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ សាន់បានប្រាប់ថាមានគេចង់លក់ឡាន០១គ្រឿង អត់ពន្ធ កែចង្កូតពីស្តាំ ទៅឆ្វេង អោយជួយរកម៉ូយទិញ ។ ពេលនោះគាត់ក៏ទាក់ទងបន្តទៅឈ្មោះ វាសនា ភេទ ប្រុស អោយរកម៉ូយជួយទិញ ។ ដល់ថ្ងៃទី០៣ គាត់ក៏បានយកឡាននោះពីឈ្មោះ ភ័ក្រ និងឈ្មោះ សាន់ មកអោយឈ្មោះ វាសនា មើល ហើយ ឈ្មោះ វាសនា ក៏យកឡាននោះទៅលក់អោយម្នាក់ ទៀតដែលគាត់មិនស្គាល់។ ដោយលក់បានប្រាក់ពី ឈ្មោះ វាសនា តម្លៃ៦០០០ តែបានប្រាប់ និងប្រគល់ប្រាក់ ទៅឈ្មោះ ភ័ក្រ ថាឡានលក់បានតម្លៃ៤០០០ដុល្លា រប្រាក់នៅសល់បានចែកគ្នាជាមួយឈ្មោះ សាន់ ។
ជនសង្ស័យទី០៤ . ឈ្មោះ ផន កក្កដា បានរៀបរាប់ថា ឈ្មោះ បួយ ពិតជាបានទាក់ទងឲ្យជួយរកម៉ូយទិញឡានអត់ពន្ធ ប្តូរចង្កូតពីស្តាំ ទៅឆ្វេង ពិតមែន ។ ជាក់ស្តែងនៅថ្ងៃទី០៣ គាត់បានយកឡានពីឈ្មោះបួយ នោះទៅលក់អោយឈ្មោះ ឡាំ ហេន ភេទ ប្រុស.បានប្រាក់ចំនួន៦៧០០ដុល្លា ហើយប្រាប់ឈ្មោះបួយ ថាលក់ បានតែ៦០០០ដុល្លា។ សល់ប៉ុន្មានជាប្រាក់ដែលគាត់ចំណេញ ។
ជនសង្ស័យទី០៥ .ឈ្មោះ ផន វាសនា បានរៀបរាប់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ប្អូនប្រុសរបស់គាត់ឈ្មោះផន កក្កដា ភេទប្រុស បានឲ្យគាត់ជូនទៅយកឡានអោយគេមើល ហើយពេលទៅដល់ឃើញប្អូនរបស់គាត់និយាយ ក្រោយមកក៏មានគេបាញ់លុយចូលកុងរបស់ខ្ញុំចំនួន ៦៧០០ដុល្លា ហើយបន្ទាប់គាត់បានបាញ់ប្រាក់នោះបន្តទៅឈ្មោះ បួយ ចំនួន៦០០០ដុល្លារ ។ ចំពោះអ្នកទិញឈ្មោះ ឡាំ ហេន ភេទប្រុស អាយុ ៤២ឆ្នាំ. ទីលំនៅផ្លូវ២៧១. សង្កាត់អូរបែកក្អម ខណ្ឌទួកគោល រាជធានីភ្នំពេញ បានគេចខ្លួនបាត់ ។
ចំពោះវត្ថុតាង រថយន្ត សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យជាអ្នកទិញ ទើបជនសង្ស័យដឹងខ្លួន ហើយយកទៅផ្លុងចោល នៅម្តុំការ៉ាស់សាំង កាល់តិច នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់ ។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចក៏បានធ្វើការប្រគល់ជូនម្ចាស់រថយន្តវិញហើយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ