សមត្ថកិច្ច​បង្ក្រាប​បាន​ចោរឆក់ មួយ​សំបុកមាន ៧​នាក់

0

ព្រះ​សីហ​នុ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​រៀបចំ​ផែនការ​បង្ក្រាប​យ៉ាង​ល្អិតល្អន់ ដើម្បី​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ និង​កាបូប​របស់​ប្រជាពលរដ្ឋ មួយ​ក្រុម​ធំ​ដែល​មក​ពី​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ០៦ ខែកក្កដា ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន ០៧​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) ដោយ​កម្លាំង​ល្បាត​បាន​តាម​ពីក្រោយ​ក្រុម​ជនសង្ស័យ រហូត​ពួក​គេ​ធ្វើ​សកម្មភាព​ឆក​ការ​បូ​ប​ពី​ស្ត្រី​ម្នាក់ ដែល​បំរុង​ដើរ​ឆ្លង​នៅ​ម្ដុំ​ផ្លូវកែង​រ៉ា កម្លាំង​ឃើញ​ដូចនេះ​បាន​ធ្វើការ​បង្ក្រាប និង​ស្រាវជ្រាវ​តាម​ចាប់​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​សម្ភារ​វត្ថុ​តាង​មួយ​ចំនួន ។

ជនសង្ស័យ​ចំនួន​០៧​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១-​ឈ្មោះ ផល លុ​ច ហៅ ចាស់ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ រាជធាន​ភ្នំពេញ ។ ២-​ឈ្មោះ ណែម ផានិត ហៅ ខ្និត ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ រាជធាន​ភ្នំពេញ ។ ៣-​ឈ្មោះ ឈៀង សីហា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​តំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៤-​ឈ្មោះ ឃុ​ត សុ​ជាតិ ហៅ ញ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ដឹក​ម្ហូប ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៥-​ឈ្មោះ ឆាន់ ណា​ទ្រី​វ ហៅ ហេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៦-​ឈ្មោះ នាង សុ​ផា ហៅ ឡេវ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ ខណ្ឌ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។ ៧-​ឈ្មោះ ហ៊ួ គឹ​ម​សេង ហៅ ពូជ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

សម្ភារៈ​វត្ថុ​តាង​ចាប់​ដកហូត​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ មាន -​ម៉ូតូ​ចំនួន ០៥​គ្រឿង​៖ (​មធ្យោបាយ​ធ្វើ​សកម្មភាព​) ១-​ម៉ាក និ​ច ពណ៌​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1GW-8416 ។ ២-​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GV-3455 (​ប្រើ​ស្លាក​លេខ​ក្លែងបន្លំ សម្រាប់​ធ្វើ​សកម្មភាព​ឆក់​) ។ ៣-​ម៉ាក ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ កណ្តាល 1AJ-1655 ។ ៤-​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1R-0372 ។ ៥-​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ -​ស្លាក​លេខ​ម៉ូតូ ១​ផ្ទាំង លេខ ភ្នំពេញ 1IU-9928 ។ (​ផ្លាស់​ប្តូរ​ពេល​ធ្វើ​សកម្មភាព​ឆក់​) -​ទូរស័ព្ទ​ចំនួន ០៦​គ្រឿង ។ -​កាបូប​លុយ ចំនួន ០៥ ។

ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ