ចាប់​បាន​អ្នកជំនាញ​កាត់​ខ្សែភ្លើង​ពេល​រាត្រី ដល់​ទៅ ៣​នាក់

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​ជាង​១១​អធ្រាត្រ មាន​ករណី​លួច​កាត់​ខ្សែភ្លើង​នៅ​ម្តុំ​ក្រុម​ទី​០៣ ភូមិ​ឆាយ​ប​ល្ល័​ង្គ ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែល​ក្រុម​ជនសង្ស័យ​លួច​កាត់​ផ្តាច់​យក​ខ្សែភ្លើង​របស់​ឈ្មោះ ផា ផា​ន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ។

ភ្លាម​ៗ​ជន​រង​គ្រោះ​បាន​ផ្តល់​ព័ត៌មាន​ជាបឋម​មក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​អំពី​ករណី​នេះ​។ ទទួល​បាន​ព័ត៌មាន និង​ស្រប​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ករណី​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ដែល​មាន​ភូមិសាស្ត្រ​ជាប់​គ្នា​ដើម្បី​ពិនិត្យ​តាមដាន​និង​ស្រាវជ្រាវ ។

លុះដល់​វេលា​ម៉ោង​ប្រមាណ​១២​រំលង​អធ្រាត្រ កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​បាណ​ន់​បាន​ប្រទះ​មុខសញ្ញា​ចំនួន ០៣​នាក់ កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​មួយ​គ្រឿង ឆ្លងកាត់​ពី​ភូមិសាស្ត្រ ស្រុក​គាស់​ក្រឡ ចូល​ក្នុងភូមិ​សាស្ត្រ​ស្រុក​បាណ​ន់ ។ ដោយ​ស្ថានភាព​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ​ឃើញ​ខ្សែភ្លើង​ដែល​គេ​ទើបនឹង​លួច​កាត់​បាន​នៅ​ជាប់​ជាមួយ​ផង ដូច្នេះ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​តែ​ម្តង ។

ពេល​សាកសួរ​ពួក​គ​បាន​ឆ្លើយ​សារភាព​ថា គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​មូលដ្ឋាន​ស្រុក​គាស់​ក្រឡ​ប្រាកដ​មែន ។

ជនសង្ស័យ​ទាំង ០៣​នាក់​នោះ ១.​ឈ្មោះ គិត លី​ម៉េ​ង ភេទ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តាថុក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ២.​ឈ្មោះ យ៉ា​ន់ សៅ​សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​អនីតិជន​) និង​៣.​ឈ្មោះ សៀន គឹ​ម​រ៉េ​វុន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​មាន​ទី លំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​អនីតិជន​)​។

វត្ថុ​តាង​ដកហូត​មាន​៖ -​ម៉ូតូ​ឌ្រី​ម ពណ៌​ក្រហម C១០០ ចំនួន ០១​គ្រឿង -​ខ្សែភ្លើង​ចំនួន ០៩​កំណាត់ មាន​ទម្ងន់​សរុប​ចំនួន ២២,១៣​គីឡូក្រាម -​មួក​សុវត្ថិភាព​ចំនួន ០១ -​ដំបង​ឈើ​ជ្រុង​ចំនួន ០១ -​កាំបិត​តាំង​តោ​ចំនួន ០១ -​ពូថៅ​ចំនួន ០១ -​ទួ​ណឺ​វី​ស​ចំនួន ០១ ។

លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ា​ន់​នី អធិការ​នគរបាល​ស្រុក​បាណ​ន់ បាន​បញ្ជាក់​ថា ដោយសារ​ករណី​នេះ​អង្គហេតុ​កើត​នៅ​មូលដ្ឋាន​ស្រុក​គាស់​ក្រឡ ទើប​សមត្ថកិច្ច​របស់​លោក​ប្រគល់​មុខសញ្ញា​ទាំង ៣​នាក់ និង​វត្ថុ​តាង​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ​ចាត់ការ​បន្ត​។ បច្ចុប្បន្ន នគរបាល​ស្រុក​គាស់​ក្រឡ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ