បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល០២ថ្ងៃនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆក់ និងឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន២៦នាក់ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា នៅភថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលព័ត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ប្រូមែក ពណ៌ខៀវ នៅចំណុចខាងលិចហាងប្ដូរប្រាក់ហេងម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយ ប៉ែត ក្រុងប៉ោយប៉ែត កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព។ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៌ក្រហម ។
ក្រោយពីឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យទាំង០៥នាក់នេះ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៤នាក់ បន្ថែមទៀត និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ ។
លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នោះមក នៅថ្ងៃដដែល(ថ្ងៃទី៤ ខែកក្កដា) កម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួន បានជនសង្ស័យចំនួន៥នាក់បន្ថែមទៀត ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត ដែលកម្លាំងជំនាញតាមប្រម៉ាញ់យូរហើយ ។ ជនសង្ស័យទាំង០៥នាក់នេះ ឃាត់ខ្លួននៅចំណុចផ្ទះនៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមទៀតថា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ពេលវេលាម៉ោង៣រសៀល កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តស្រាជ្រាវឃាត់ខ្លួន មុខសញ្ញាចោឆក់ប្រុស-ស្រី បានមួយក្រុមបន្ថែមទៀត ចំនួន១២នាក់ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។បន្ទាប់មកកម្លាំងជំនាញ បានធ្វើតេស្តទឹកនោមស្វែងរកសាធាតុញៀន ។ លទ្ធផលវិជ្ជមាន(+)(មានផ្ទុកសារធាតុញៀនក្នុងខ្លួន)ទាំងអស់គ្នា ។
ចំពោះវត្ថុតាងទូរស័ព្ទជនរងគ្រោះ០១គ្រឿងដកហូតបាន នគរបាលបានប្រគល់ជូនម្ចាស់ដើមវិញ ។ ជនសង្ស័យប្រុស ស្រី ទាំង២៦នាក់ កម្លាំងជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ