កម្ពុជា​ទទួល​បន​អំណោយ​វ៉ាក់សាំង​កូ​វី​ដ​១៩ សម្រាប់​កុមារ​ជាង ១៤​ម៉ឺន​ដូ​ស ពី​ប្រទេស​ប៉ូ​ឡូញ

0

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ នេះ វ៉ាក់សាំង​កូ​វី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូ​ស ដែល​ជា​ជំនួយ​របស់​ប្រទេស​ប៉ូ​ឡូញ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ សម្រាប់​ទុក​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​បន្ត​ទៀត​។

បើ​ទោះបី​ទទួល​បាន​ជោគជ័យ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ទប់ស្កាត់​បានការ​រីក​រាតត្បាត​យ៉ាងណា​ក្តី តែ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​។ ការងារ​អាទិភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ គឺ​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ត​ស្វះ​ស្វែងរក​វ៉ាក់សាំង​ទុក​ក្នុង​ឃ្លាំង ហើយ​ប្រកាស​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ពី​មេរោគ​កូ​វី​ដ​-១៩​។

មក​ដល់​ពេល​នេះ​ទាំង​ជំនួយ និង​ការ​បញ្ជា​ទិញ កម្ពុជា​រកបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សរុប​ជិត ៥៣​លាន​ដូ​ស​។ ក្នុង​នោះ​នៅ​សល់​ក្នុង​ឃ្លាំង​ជិត ៩​លាន​ដូ​ស​។ ជាមួយ​គ្នា​នោះ នៅ​មាន​វ៉ាក់សាំង​សរុប​ប្រមាណ ២០​លាន​ដូ​សទៀត ដែល​ជា​ជំនួយ និង​ជា​ការ​បញ្ជា​ទិញ មិន​ទាន់​បាន​ដឹក​មក​ប្រទេស​កម្ពុជា​នៅឡើយ​។ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ជាង ៩៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុង​នោះ​ការ​ចាក់​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់ ៥​ឆ្នាំ បាន​ជាង ៧០​ភាគរយ​, កុមារ​អាយុ​ពី ៦​ឆ្នាំ ដល់​១២​ឆ្នាំ បាន​ជាង ១០៩​ភាគរយ​, កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៨​ឆ្នាំ បាន​ជាង ១០០​ភាគរយ និង​អាយុ ១៨​ឆ្នាំ​ឡើង បាន​ជាង ១០៣​ភាគរយ​។ ក្រៅ​តែ​ពី​ដូ​ស​មូលដ្ឋាន ពេល​នេះ​កម្ពុជា បាន​ឈាន​ដល់​ចាក់​ដូ​ស​ជំរុញ​ទី​៥​ផង​ដែរ​។ ក្នុង​នោះ​ដូ​ស​ជំរុញ​ទី​៣ ចាក់​បាន​ជាង ៩​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៤ ចាក់​បាន​ជិត ៣​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៥ បាន​ជាង ៣០​ម៉ឺន​នាក់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ប្តេជ្ញា​បន្ត​ផ្តល់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត ដោយ​មិន​គិតថ្លៃ​នោះ​ឡើយ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​បន្ត​ទៀត នៅ​ពេល​ដល់​ពេល​ត្រូវ​ចាក់ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ការពារ​ជំងឺ​កូ​វី​ដ​-១៩៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ