ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង រហ័ស​នាម LCH បាន​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ

0

ភ្នំពេញ​៖ កាល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​១៨:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​១៨​នាក់ ជា​ក្រុម​ក្មេង​ទំនើង​មាន​រហ័ស​នាម​ក្រុម LCH (​លឹ​ម​ឈាង​ហាក់​) នៅ​ចំណុច​តារាង​បាល់ទះ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ព្រួត​គ្នា​យក​ដាវ កាំបិតប៉័ងតោ ដុំ​ថ្ម និង​មួក​ការពារ​សុវត្ថិភាព កាប់ និង​វាយ​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​បុរី​ធូ​លន​មុខ​ផ្ទះ​លេខ​១​បេ ផ្លូវ​លេខ​២ ក្រុម​ទី​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៤ ខែមិថុនា​។

ជនសង្ស័យ​ឈ្មោះ វិបុល សាង​លី​ហ្សា ហៅ ស្វា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ចំនួន​០២​នាក់​ មានឈ្មោះ ជា​វុ​ត្ថា ខេមរា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ សិស្ស​ និងឈ្មោះ ហុង ផ​ល្លី ភេទ ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​បេ​១ ផ្លូវ​លេខ​២ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​។

សម្ភារៈ​ខូចខាត​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JF៦៤៧៨ រង​ការ​ខូច​ចាត​ដាច់​កន្ទុយ​ម៉ូតូ និង​ផ្លា​ក​លេខ​ដាច់​ចេញពី​ម៉ូតូ បែក​កុង​ទ័​រ​ម៉ូតូ និង​បែក​សង្កៀ​ង​ស្ត​ប​ម៉ូតូ​ខាងក្រោយ​, ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌ ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១IR១៨០០ រង​ការ​ខូចខាត​ដាច់​កន្ទុយ​ម៉ូតូ និង​ផ្លា​ក​លេខ​ចេញពី​ម៉ូតូ និង​បែក​កុង​ទ័​រ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​បក្ខពួក​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​៕