ឃាត់​រថយន្ត​មួយ​គ្រឿង រក​ឃើញ​ប្រហិត​ខូចគុណភាព​ជាង​២​តោន

0

បាត់ដំបង ៖ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​១២​និង​០០​នាទី ត្រង់​ចំណុច​គោលដៅ​ចរាចរណ៍​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កម្លាំង​នគរបាល​ស្រុក​កំ​រៀង​ដែល​មាន​លោក​វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ឃាត់​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-0087 បើកបរ​ដោយ​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ឃើញ​មាន​ប្រហិត​ចម្រុះ​ខូចគុណភាព​ប្រមាណ​ជាង ២,០០០​គីឡូក្រាម ដែល​ផ្ទុក​ពេញ​រថយន្ត ។ ករណី​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បញ្ជូន​ទាំង​ម្ចាស់ និង​ប្រហិត​ចម្រុះ​ទាំងនេះ​មក​កាន់​ការិយាល័យ​ជំនាញ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖​​ អគ្គស្នងការដ្ឋាននគរបាលជាតិ