បន្ទាយមានជ័យ ៖ បុរសម្នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុករថយន្តធុនធំដឹកដំឡូងមី ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខការិយាល័យអប់រំស្រុក ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា មុនពេលកើតហេតុមានឈ្មោះ ហែម ឡាវី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបើកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ ធុនសេ 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ 1G.4080 ក្នុងទិសដៅពីជើងទៅត្បូង ។ មកដល់កន្លែងកើតហេតុ បានប៉ះទង្គិចជាមួយរថយន្តដឹកដំឡូងមី ក្នុងទិសដៅស្របគ្នា ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D.5791 បើកបរដោយឈ្មោះ ហាក់ គុយ ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិ កោះរៀម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ខណៈឈប់រថយន្តនៅលើទ្រូងផ្លូវ ចុះទៅហូបបាយ បណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។
នគរបាលបានបញ្ជាក់ថា មូលហេតុបង្កឲ្យគ្រោះថ្នាក់ខាងលើ បណ្តាលមកពីអ្នកបើកម៉ូតូគ្មានភ្លើងបំភ្លឺ ប្រើភ្លើងពិលពាក់ក្បាល រថយន្តឈប់នៅលើទ្រូងផ្លូវ (មានភ្លើងបំភ្លឺ )
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ