ចាប់​បាន​ជនសង្ស័យ ៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ

0

សៀមរាប ៖ ថ្ងៃ​ពុធ ១​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០២២
កម្លាំង​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ករណី អំពើ​លួច (​លួច​ម៉ូតូ និង​ទូរស័ព្ទ​) និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប និង​ទូរស័ព្ទ)៖

១.​ឈ្មោះ ព្រិ​ន ភក្ដី ហៅ​នាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ, ស្រុក​កំណើតនៅភូមិ​បន្ទាយ​ចាស់ ឃុំ​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប, ទីលំនៅ​បច្ចុប្បន្នភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។

២.​ឈ្មោះ ឌុ​ច រ័ត្ត​ណា ហៅ ចៃ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ, ស្រុក​កំណើត ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប, ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។

៣.​ឈ្មោះ ច្រឹ​ក សីហា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ, ​ស្រុក​កំណើត ភូមិ​ស​មោ​លើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ០៤ និង​៥០​នាទី នៅ​ចំណុច​មុខ​បន្ទប់​ជួល​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/ ខេត្តសៀមរាប មាន​ករណី​អំពើ​លួច​ម៉ូតូ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឌុ​ច រ័ត្ត​ណា ហៅ ចៃ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា Scoopy-I ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 1AD-2934 លេខ​ម៉ាស៊ីន 3132623 លេខ​តួរ 5132623 និង​ទូរស័ព្ទ ០១​គ្រឿង ម៉ាក Vivo ព​ណ៍​ខៀវ​ក្រ​ម៉ៅ​ចំនួន ០១​គ្រឿង របស់​ជន​រង​គ្រោះ​ឈ្មោះ សា​វឿ​ន វ​ណ្ណា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ដេក​លក់ ។

ក្រោយ​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ពី​ដំណេក​រក​ម៉ូតូ​មិនឃើញ​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ។ ក្រោយ​ពី​ទទួល​សេចក្ដីរាយការណ៍​ហើយ សមត្ថកិច្ច​យើង​ក៏​បាន​ដាក់​កម្លាំង​ស្វែងរក​ហើយ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជាមួយ​វត្ថុ​តាង ហើយ​សមត្ថកិច្ច​ក៏​នាំ​យក​ជនសង្ស័យ​មក​សាកសួរ ។ ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​ដោយ​ខ្លួន​ទទួលបញ្ជា​ពី​ឈ្មោះ ព្រិ​ន ភក្ដី ហៅ​នាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ច្រឹ​ក សីហា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ឲ្យ​ខ្លួន​លួច​ម៉ូតូ​ខាងលើ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ចំនួន ០២​លើក ដោយ​លើក​ទី​០១ នៅ​ថ្ងៃ​ទី ០៦ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវកែង​ភោ​ជនី​ដ្ឋា​ន Mr.K ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ឆក់​បាន​ទូរស័ព្ទ​និង​ប្រាក់​មួយ​ចំនួន ហើយ​ក៏​បាន​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ជាមួយនឹង​បក្ខពួក​ខាងលើ និង​នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​ទូរស័ព្ទ នៅ​ចំណុច​ខាងជើង​ស្តុ​ប​ស្មា​យ​លីង ស្ថិត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ដោយ​ទូរស័ព្ទ​និង​ប្រាក់​ដែល​ឆក់​បាន ខ្លួន​បានអោយ​បក្ខពួក​ខាងលើ រីឯ​ខ្លួន​ទទួល​បាន​ប្រាក់​ពី​ការ​ឆក់​ម្ដង​ៗ មួយ​ម៉ឺន​រៀល ទៅ​ពីរ​ម៉ឺន​រៀល​។

បន្ទាប់​មក សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ឌុ​ច រ័ត្ត​ណា ហៅ ចៃ ទៅ​ចង្អុល​យក​បក្ខពួក​មានឈ្មោះ ព្រិ​ន ភក្ដី ហៅ​នាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ និង​ឈ្មោះ ច្រឹ​ក សីហា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ យក​មក​សួរនាំ ។ ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​ទាំង​ពីរ​បាន​ឆ្លើយ​បដិសេធន៍​ថា​ខ្លួន​ពុំ​បាន​ចូលរួម​ធ្វើ​សកម្មភាព ឬ​បង្គាប់​អោយឈ្មោះ ឌុ​ច រ័ត្ត​ណា ហៅ​ចៃ ខាងលើ លួច​និង​ឆក់​នោះ​ទេ​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន : ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ១៧:៤០​នាទី និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដេ​ី​ម្បី​អនុវត្ត​នីតិវិធី​បន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ