ប្រ​ញ៉ាប់​ឡើង​!! ក្រសួងពាណិជ្ជកម្ម ពន្យារពេល​ការ​ផាកពិន័យ​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដល់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២

0

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម មាន​កិ​តិ្ត​យស​សូម​ជម្រាប​ជូន លោក​-​លោកស្រី សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក មេត្តា​ជ្រាប​ថា អនុលោម​តាម​សេចក្តីជូនដំណឹង លេខ ០៥២៨ ព​.​ណ​.​ចប​ព ចុះ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ ស្តី​ពី​ការ​ពន្យារពេល​ការ​ផាកពិន័យ​ចំពោះ​ការ​យឺតយ៉ាវ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ដល់​កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ នេះ​។ ដោយ​សង្កេត​ឃើញ​ថា អាជីវករ សហគ្រាស​ឯកបុគ្គល និង​ក្រុមហ៊ុន​ជា​ច្រើន​លើសលប់ បាន​មក​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដាក់​ពាក់​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្រសួងពាណិជ្ជកម្ម សម្រេច​ពន្យារ​កាលបរិច្ឆេទ​ការ​ផាកពិន័យ រហូត​ដល់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:00 នាទី​។ រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន​អាច​មក​ទទួល​លេខ​រៀង ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម ឬ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដែល​រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន​តាំងនៅ រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

ក្រសួងពាណិជ្ជកម្ម​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អាជីវកម្ម​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​មិន​មានការ​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម អាជីវកម្ម​នោះ​នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់ និង​អាច​មានការ​ផ្តន្ទាទោស​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។
សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក​-​លោកស្រី ម្ចាស់​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន បរទេស​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ តាម​នីតិវិធី​ជា​ប្រក្រតី​៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

No photo description available.