ចាប់​ជនជាតិ​ចិន ៣​នាក់ ក្នុង​ករណី​ចាប់ជម្រិត

0

ព្រះ​សីហ​នុ ៖ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​០០​នាទី បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្តឹង​រាយការណ៍​ថា មាន​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ជិះ​រថយន្ត ៤​ទៅ​៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត ២​គ្រឿង ម៉ាក MERCERDES BENZ ពណ៌​ស មាន​មនុស្ស ៣​នាក់ និង​ម៉ាក TUNDRA ពណ៌​ទឹកមាស មាន​មនុស្ស ១​នាក់ បាន​ចត​នៅ​មុខ​ក្រុមហ៊ុន​របស់​មិត្តភក្តិ​គាត់​ធ្វើការ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ត្រៀម​ចាប់ជំរិត​មិត្តភក្តិ​របស់​គាត់ ចំណែក​រថយន្ត ២​ទៅ ៣​គ្រឿង​ទៀត ឈប់​នៅ​ខាងក្រៅ​ផ្លូវ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣​នាក់ នៅ​ក្នុង​រថយន្ត ១​គ្រឿង ម៉ាក MERCEDES BENZ រីឯ​ជនសង្ស័យ ១​នាក់​ដែល​នៅ​ក្នុង​រថយន្ត ម៉ាក TUNDRA បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​សមត្ថកិច្ច​បាន​ស្ទូច​រថយន្ត ម៉ាក TUNDRA មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចំណែក​រថយន្ត​២ ទៅ ៣​គ្រឿង​ទៀត ដែល​ជា​បក្ខពួក​របស់​ជនសង្ស័យ​បាន​បើក​រត់គេច​ខ្លួន​បាត់ ។

នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦ និង​០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បង្កើត​ជា​គណៈកម្មការ​ឆែកឆេរ ដោយ​មានការ​ចូលរួម​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ជា​លទ្ធផល​ក្នុង​ការ​ឆែកឆេរ រក​ឃើញ​មាន​អាវុធ​ខ្លី ០១​ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់​០១ គ្រាប់​ចំនួន ០៨​គ្រាប់ ។

មន្ត្រី​នគរបាល​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ Yu Liang ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​រកស៊ី ស្នាក់​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជនសង្ស័យ​០៤​នាក់ ៖ ១-​ឈ្មោះ Jin KaiBin ហៅ Lin Yi ឬ​ក៏ Xiao Bin ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ Wang Ying ហៅ អា​យន្តហោះ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ Yang QianJun ហៅ Ta Jing ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថ​តាង​ដកហូត​រួម​មាន ៖
-​ទូរស័ព្ទ​ដៃ​ចំនួន ០៥​គ្រឿង ម៉ាក Iphone X ពណ៌​ស ០១​គ្រឿង ,​ម៉ាក Iphone12 Pro Max ពណ៌​ខៀវ ០១​គ្រឿង ,​ម៉ាក Iphone13 Pro Max ពណ៌​ប្រផេះ ០១​គ្រឿង ,​ម៉ាក OPPO ពណ៌​ខៀវ ០១​គ្រឿង និង​ម៉ាក Sansung Fold2 ពណ៌​ផ្កាឈូក ០១​គ្រឿង
-​កាត ០១​សន្លឹក និង​កូនសោរ​ផ្ទះ ០១
-​រថយន្ត ០១​គ្រឿង ម៉ាក MERCEDES BENZ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AT-7333
-​រថយន្ត ០១​គ្រឿង ម៉ាក TUNDRA ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AJ-2050
-​កាំភ្លើងខ្លី ០១​ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់ ០១ គ្រាប់​ចំនួន ០៨​គ្រាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ