បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨ និង២០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រភេទដឹកទំនិញ និងរថភ្លើង ស្ថិតនៅចំណុចផ្លូវប្រសព្វផ្លូវរថភ្លើង និងផ្លូវជាតិលេខ១៥៩C ក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០០ ពាក់ផ្លាកលេខភ្នំពេញ 3D-5575 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៩C ក្នុងទិសដៅពីកើតទៅលិច បានក្រឡាប់ផ្ងាជើង ក្រោយពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងមួយគ្រឿងលេខ៦៦៥៧ ពណ៌ខ្មៅ+លឿង ក្រុមហ៊ុនROYALRAILWAY បើកបរក្នុងទិសដៅពីត្បូងទៅជើង បុកពេញទំហឹងអូសប្រវែង ៣៨,៥០ម៉ែត្រ ។
លោកអធិការបានបញ្ជាក់ថា ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងបុកជាមួយរថយន្តនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសស្រាលអ្នកបើករថយន្ត ឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាត់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងអ្នកបើកបររថភ្លើងមិនរងរបួសនោះទេ ឈ្មោះយុយ យី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិធ្នុងរលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ