ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា យានយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាង៨០០ ភាគរយ ប្រៀបធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២១ ។
ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធាន បទ «ការប្រើប្រាស់យានយន្តអគ្គិសនី(EV) នៅកម្ពុជា» កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រយៈពេល៥ខែឆ្នាំ២០២២ មានយានយន្តអគ្គិសនី៨៤ គ្រឿង ត្រូវបាននាំចូល បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយមានយាន យន្តអគ្គិសនីត្រឹមតែ៩គ្រឿងប៉ុណ្ណោះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានសំដែងការពេញចិត្តចំពោះកំណើនយានយន្តអគ្គិសនីបែបនេះ និងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយ ការចំណាយលើប្រេងឥន្ធនៈ និងការបំពុល បរិស្ថាន។
« ចំនួន៥ខែឆ្នាំ២០២២នេះ យើងមាន៨៥ គ្រឿង បើប្រៀបនឹង៥ខែឆ្នាំ ២០២១ យើងមានតែ៩ គ្រឿងទេ ដូច្នេះមានការកើន ឡើងជាង៨០០ភាគរយ កើនសម្បើមណាស់ នេះជាការមួយដែលយើងពេញចិត្ត យើងសប្បាយចិត្ត ដែលបានឃើញរថយន្តច្រើន ដែលប្រើដោយអគ្គិសនីនេះមានការកើនឡើងច្រើន » ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន ឱ្យដឹងថា ក្រសួងបានសហ ការជាមួយអង្គការUNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំងសាកយាន យន្តអគ្គិសនី ដែលមាននៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅខេត្តព្រះសីហនុ និងនៅស្ថានីយប្រេងកាល់តិច។ ក្រសួងគ្រោងដាក់ទីតាំងបញ្ចូលថាមពលយានយន្តអគ្គិសនី បន្ថែមទៀត នៅខេត្តបាត់ ដំបង ខេត្តសៀមរាប ស្របពេលដែលក្រុមហ៊ុនប្រេង ឥន្ធនៈភីធីធី គ្រោងដាក់ពីរកន្លែង តាមផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា សព្វថ្ងៃមានក្រុមហ៊ុនចំនួន៩ដែលនាំចូលរថយន្ត និងម៉ូតូប្រើអគ្គិសនី។ បន្ថែមពីនេះ នៅកម្ពុជា ក៏មានក្រុមហ៊ុនមួយ គឺក្រុមហ៊ុន ONION កំពុងដំឡើងកង់បីនៅកម្ពុជា ដោយគ្រោងផលិតឱ្យបាន២ពាន់ទៅ៣ពាន់គ្រឿង ក្នុងមួយឆ្នាំ ហើយក៏មានក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីផងដែរ ដែលផលិត ផលទាំងនេះ អាចនាំចេញទៅក្រៅប្រទេសផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន