ដួល​ម៉ូតូ​ខ្ទៀត​ចូល​ក្រោម​រថយន្ត​ធំ​ដល់​ទៅ ២​គ្រឿង​!!

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​៣៥​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ត្រង់​ចំណុច​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ដួល ត្រូវ​រថយន្ដ​កិន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1J1.646 អ្នកបើកបរ​ឈ្មោះ លឹ​ម សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សែ ខ ស្រុក​ពាមរ ខេត្តព្រៃវែង បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ ម៉ូតូ​ក៏​បាន​ដួល​ហើយ​ខ្ទាត​ទាំង​ម៉ូតូ និង​មនុស្ស មក​ខាងឆ្វេង​ដៃ ភ្លាម​នោះ​ក៏​មាន​រថយន្ដ ០២​គ្រឿង បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ទី​១​មិន​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ​អ្នកបើកបរ​(​បើក​រត់គេច ក្រោយ​កើតហេតុ​) បាន​ទៅ​កិន​មនុស្ស​ដែល​ដួល និង​រថយន្ត​ទី​២​ម៉ាក HYUNDAI ពណ៌​លឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3E-8324 សណ្ដោង​សឺ​មី​រ៉ឺ​ម៉ក ពណ៌​លឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​4A-6246 មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​(​ចុះ​រត់គេច​) បាន​ទៅ​កិន​ម៉ូតូ​ដែល​ដួល​នោះ​ដែរ​បណ្ដាល​ឱ្យឈ្មោះ លឹ​ម សុភ​ក្ត្រា ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ចំពោះ​វត្ថុ​តាង​ទាំង ០២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ចំណែក​រថយន្ដ​មិន​ស្គាល់​ម៉ាក​កំពុង​តែ​ស្រាវជ្រាវ​បន្ដ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ