ខឹង​ម្តាយក្មេក​ចង់​បំបែក​ប្រពន្ធ​របស់​ខ្លួន អោយទៅ​យកប្តី​ថ្មី​!! កូនប្រសារ​យក​កាំបិត​ចាក់​តែ​ម្តង

0

ក្រចេះ​៖ នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បាន​ចុះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ដៃដល់​ជា​កូនប្រសារ​ម្នាក់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចាក់ លើ​ស្ត្រី​រង​គ្រោះជា​ម្តាយក្មេក​បណ្តាល​អោយ​ត្រូវ​របួស​ធ្ងន់ធ្ងរ​ចំ​ភ្នែក​ខាងឆ្វេង ក្រោយ​ពី​មានការ​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ ។ ដើមចម​ដែល​ឈាន​អោយ​មានរឿង​នេះ​ក៏​ដោយសារ​តែ​បុរស​ដៃដល់​ជា​កូនប្រសារ ខឹង​ស្ត្រី​រង​គ្រោះជា​ម្តាយក្មេក ថា​មាន​ចេតនា​ចង់​បំបែក​ប្រ​ព​ន្ឋ​របស់​ខ្លួន ចេញពី​រូប​ខ្លួន​អោយទៅ​យកប្តី​ថ្មី​។

​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស​(​ចាក់​នឹង​កូនកាំបិត​) និង ប្រើប្រាស់​អាវុធ​កែ​ឆ្នៃ​ខុសច្បាប់ បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ចំណុច​ដំណាក់​ស្តេច ស្ថិត​នៅ​ភូមិ​ព្រែក​ក្តី ឃុំ​ស្នួល ស្រុក​ស្នួល​។

បង្ក​ដោយ​ជនសង្ស័យ​ជា​កូនប្រសារ ឈ្មោះ រឹម សុ​ផា​(​ហៅ​ជាង​ម៉ៅ​) អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំនែកឯ​ស្ត្រី​រង​គ្រោះជា​ម្តាយក្មេក​ឈ្មោះ លឹ​ម រ៉េ​ត ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្ដ ក្រចេះ