បង្ក្រាប​ករណី​ចោរ​គាស់​រោងចក្រ​លួច​សម្ភារ​យ៉ាង​សកម្ម ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ បញ្ជូន​ទៅ​តុលាការ

0

កំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២​និង​៣៩​នាទី មាន​ករណី​គាស់​រោងចក្រ Wing Star Shoes Co.Ltd ស្ថិត​នៅ​ភូមិ​ភោគ ឃុំ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យ​ចំនួន​៤​នាក់ បាន​ចូល​គាស់​ប​ង្អូ​ច​ឃ្លាំង​រោងចក្រ​ខាងលើ លួច​យក​ស្បែកជើង​ម៉ាក Asics ចំនួន​៣៣​កេស ស្មើ​និង ៣៩៤​គូ និង​ប្រាក់​ចំនួន ៤០០.០០០​រៀល រួច​គេចខ្លួន​។

ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី ក្រុមហ៊ុន​សន្តិសុខ​ឯកជន ហ្វ័​រ​ត្រាស និង​ជា​តំណាង រោងចក្រ​ខាងលើ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹ​ម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន បាន​ចាត់​កម្លាំង​ស៊ើបអង្កេត​ដឹកនាំ លោក​វរសេនីយ៍ឯក ស៊ិ​ន សុផល នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​លេខ​១១០ ផ្លូវ​បេតុង សង្កាត់​ពងទឹក ខណ្ឌដង្កោ បាន​រក​ឃើញ​ស្បែកជើង​ម៉ាក Asics ដែល​មាន​លេខ​កូដ​ដូច​ស្បែកជើង​ដែល​បាន​បាត់​ចំនួន ១៤៩​គូ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ដូច​ខាងក្រោម​៖

១.​ឈ្មោះ ប៉ាក លី ហៅ​ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករ​សំណង់

២.​ឈ្មោះ លេង វិចិត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កម្មករ​សំណង់ (​ធ្លាប់​ជាប់​ពន្ធនាគារ​)

៣.​ឈ្មោះ ផា ចាន់​រិ​ទ្ធ ហៅ​ការ៉ូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី (​អ្នក​ទទួលផល​ចោរកម្ម​)​។

ចំណែកឯ​បក្ខពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​៖ ឈ្មោះ សឿ​ន ហៅ អា​ខ្មៅ ជា​មេ​ក្លោ​ង និង​ឈ្មោះ រ័​ត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ