ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតអគ្គិភ័យឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ព្រមទាំងឆេះបំផ្លាញបន្ទប់ស្នាក់នៅចំនួន៤បន្ទប់ និងសម្ភារៈអស់មួយចំនួន ហើយសមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ ៨ឡាន ទើបបាញ់បានរលត់ទាំងស្រុងនៅនាវេលាម៉ោង១១៖៥៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ នេះ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងខាងលើនេះ គឺស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍គ្រោះអគ្គិភ័យខាងលេីនេះរួចមកភ្លាមៗនោះ លោកបានបញ្ជរថយន្តពន្លត់អគ្គិភ័យគ្រប់គោល ដៅ ដេីម្បីជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។
នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់យេីង ប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៨គ្រឿង ប្រេីប្រាស់ទឹកអស់៨ឡានស្មេីរនឹង ៣២ម៉ែត្រគូប។
លោនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានបន្តបន្ថែមទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺពុំបណ្តាលឲ្យមានអ្នករងរបួសនោះឡេីយ ដោយគ្រាន់តែខូចខាតបន្ទប់ស្នាក់នៅចំនួន ៣បន្ទប់, ក្រដាស់ឡាំង និងសម្ភារៈអស់មួយចំនួន តែប៉ុណ្ណោះ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ