ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះល្វែងមួយកន្លែង ដោយក្នុងនោះ បានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំ នួន ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចបុរី សូនី ផ្ទះលេខ៣៣១A ផ្លូវលេខ៨១៥០ny ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ដោយនៅក្នុងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ គឺបណ្តាលមកពីការដុតទៀនធូបបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈប្រើប្រាស់មួយចំនួន ពូក គ្រែ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ចជំនាញបានបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍ពន្លត់ទាំងស្រុងនាវេលាម៉ោង២និង៤០នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល។ ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងជំនាញបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៤ម៉ែត្រគូប៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ