ពោធិ៍សាត់៖ អ្នកញៀនល្បែងស៊ីសង០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បង្ក្រាបចាប់ឃាត់ខ្លួន ក្រោយប្រព្រឹត្តល្បែងស៊ីសង អាប៉ោង នៅចំណុចភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២:៤៥នាទី រសៀលថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាម មតិចង្អុលការ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ស្តីពីការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបល្បែងស៊ីសងអាប៉ោង០១ករណី នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនមនុស្សបានចំនួន០៣នាក់នឹងវត្ថុតាងមួយចំនួន ។ លោកអធិការបានបន្តថាអ្នកញៀនល្បែងទាំងបី ទី១ឈ្មោះ វ៉ាន់ ម៉ាប់ ភេទប្រុស អាយុ៦២ឆ្នាំ មេបាញ់អាប៉ោង ទី២ឈ្មោះ ម៉ុន ម៉ែន ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុង ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំពោះវត្ថុតាងដែរដកហូតបានរួមមាន មេអាប៉ោងចំនួន០១គ្រាប់ ចានសម្រាប់បាញ់អាប៉ោងចំនួន០១ ផ្តិលចំនួន០១ កំរាលចំនួន០១ ម៉ូតូចំនួន០១គ្រឿង ។
បច្ចុប្បន្នអ្នកទាំងបីរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ