ពោធិ៍សាត់ ៖ បុរសចូលចិត្តដើរលេងដាច់យប់ម្នាក់ត្រូវបាននគរបាលស្រុកក្រគរឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាល បន្ទាប់ពីប្រើហិង្សាវាយឪពុកចុងនិងម្ដាយបង្កើតអោយទ្រមខ្លួន ខណៈដែលមកពីដើរលេងពួកគាត់ស្ដីប្រដៅ ។
ហេតុការណ៍ហិង្សានេះបានកើតឡើងវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមកម្លាំងផ្នែកជំនាញកិច្ចការនេះនៃអធិការដ្ឋាននគរបាលស្រុកក្រគរប្រាប់ឲ្យដឹងថា ជនដែលប្រើហិង្សាឈ្មោះ តាំ លាស់ ភេទប្រុស អាយុ២៧ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ លី សិច អាយុ៥៣ឆ្នាំ ត្រូវជាឪពុកចុង ព្រមទាំងជនរងគ្រោះម្ដាយបង្កើតម្នាក់ទៀត ទាំងអស់គ្នានៅក្នុងបន្ទុកគ្រួសារតែមួយនៅភូមិឃុំកើតហេតុខាងលើ ។
ផ្នែកនគរបាលជំនាញដដែលបានបន្តថា បើតាមចម្លើយជនរងគ្រោះពីរនាក់ប្ដីប្រពន្ធដែលមុខសញ្ញាប្រើហឹង្សាមកលើពួកគាត់បានរៀបរាប់ថា៖ ជារៀងរាល់យប់កូនរបស់ពួក គាត់បានដើរលេងរាល់យប់ហើយជិតភ្លឺ និងពេលខ្លះដាច់យប់ក៍មាន ។
លុះពួកគាត់ទ្រាំមិនបាន ពេលគេមកពីដើរលេង ក៏បានស្ដីប្រដៅកូនថាអត់គិតដេកយប់ទេអី បើពិបាកពេកទិញថ្នាំពុលលេបសំលាប់ខ្លួនតែម្ដងទៅ ភ្លាមនោះ កូនរបស់គាត់នោះបានស្ទុះមកវាយពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ បណ្ដាលអោយទ្រមខ្លួនតែម្ដង។
មន្ត្រីជំនាញដដែលបន្ថែមថា បើតាមជនសង្ស័យដែលបានប្រើ ហឹង្សាដាក់ម្ដាយបង្កើតនិងឪពុកចុងនោះ គឺរូបគេពិតជាបានវាយមែន ដោយសារខឹងឪពុក ថាឲ្យខ្លួនទៅទិញថ្នាំពុលលេបសំលាប់ ហើយវាយគេមុន១ដៃ ក៍ទ្រាំមិនបានវាយអ្នកទាំងពីរទៅ។
ករណីហិង្សាក្នុងគ្រួសារនេះ លោកព្រះរាជអាជ្ញាខេត្ត បានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទតាមនីតិវិធីបន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ