សម្លាប់​មនុស្ស​ហើយ​រត់គេច​ខ្លួន​បាន ៦​ថ្ងៃ​! ចុងបញ្ចប់​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ដ​ដែរ

0

ភ្នំពេញ ៖ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​០០​នាទី មាន​ករណី​ឃាតកម្ម នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៥​បេ ផ្លូវ​បេតុង ក្រុម​៥ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ខុ​ម វ៉ា​ន​ឌី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ ចំណែក​ជនល្មើស​ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​រួច​បាន​គេចខ្លួន​បាត់ និង​មានការ​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​ទទួល​ផែន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ

នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តព្រះវិហារ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ ភូ សៀង​ឡា​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មក​កាន់​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ ។

ជនសង្ស័យ​បាន​សារភាព​ថា កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២២ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព សម្លាប់​ទៅ​លើ​ឈ្មោះ ខុ​ម វ៉ា​ន់​ឌី (​ភេទ​ទី​៣) ពិតប្រាកដ​មែន ដោយសារ​តែ​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​ប្រុស​ផ្សេង ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ផ្ទុះ​ការ​ប្រចណ្ឌ ហើយ​ក៏​យក​ខ្សែភ្លើង​រិ​តក​សម្លាប់​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​សម្លាប់​រួច​ហើយ ខ្លួន​បាន​យក​ទូរស័ព្ទ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ​១២៥ ជិះ​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពត រួច​បន្ត​គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្តព្រះវិហារ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។
សម្ភារៈ​ដកហូត ទូរ​សព្ទ័ ០១ គ្រឿង​ម៉ាក របស់​ជន​រង​គ្រោះ​។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ ជា​ម្ចាស់​ករណី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ