យាន្ត​យន្ត​ប៉ុន្មាន​ប្រភេទ​នេះ គឺ​មិន​អនុញ្ញាត​អោយ​បើកបរ​លើ​ផ្លូវ​ល្បឿន លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ឡើយ

0

ភ្នំពេញ​៖ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បញ្ជាក់​ថា ម៉ូតូ​ធុន​តូច និង​ប្រភេទ​កង់​បី​ឥណ្ឌា​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​អំឡុង​ខែកក្កដា​ខាង​មុខ​នេះ​ឡើយ​។ ថ្លែង​ក្នុង​ដំណើរ​ដឹកនាំ​ប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្ស​និស្សិត ចុះ​ពិនិត្យ និង​ស្វែង​យល់​ពី​ទីតាំង​ភូមិសាស្ត្រ​នៃ​ផ្លូវ​ល្បឿន លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ កាល ពី​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ពន្យល់​ថា ម៉ូតូ​ធុន​តូច និង​ប្រភេទ​កង់​បី​ឥណ្ឌា មិន​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​រត់​នៅ​លើ​គន្លង​ផ្លូវ​ដែល​គេ​ធ្វើ​សម្រាប់​តែ​រថយន្ត​នោះ​ទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ប្រភេទ​ម៉ូតូ​ដែល​មាន​កម្លាំង​សេស​ធំ ឬ​ហៅ​ថា ប្រភេទ​ម៉ូតូ​ធំ ក្រសួង​កំពុង​ពិចារណា​ពី​លទ្ធភាព​ឱ្យធ្វើ​ចរាចរណ៍​បាន​។

បើ​តាម​ការ​បញ្ជាក់​ជា​ថ្មី​របស់​ឯក ឧត្តម ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​ដំបូង​នៃ​ការ​បើក​ឱ្យ​ចរាចរណ៍​ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​នេះ នឹង​អាច​យក​កម្រៃ​១២​ដុល្លារ​សម្រាប់​មួយ​ជើង​ទៅ ឬ​២៤​ដុល្លារ​សម្រាប់​ការ​ទៅ​មក សម្រាប់​រថយន្ត​ប្រភេទ លក្ខណៈ​គ្រួសារ​។ ដោយឡែក សម្រាប់​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​កុងតឺន័រ មិន​ទាន់​មានការ​គ្រោង​តម្លៃ​នោះ​ឡើយ ខណៈ​ការ​បង់ថ្លៃ​សេវា នឹង​ចែក​ជា​៥​តាម​ប្រភេទ​រថយន្ត ដែល ក្រសួង និង​ក្រុមហ៊ុន​កំពុង​ចរាចរ​លើ​សំណើ​តម្លៃ​។ បច្ចុប្បន្ន​ផ្លូវ​នេះ សម្រេចការ សាងសង់​បាន​ជាង​៩០​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ខែកក្កដា​ខាង​មុខ​នេះ​។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន បញ្ជាក់​ថា ក្រោយ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​នេះ នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​គិតថ្លៃ ក្នុង​រយ​:​ពេល​១​ខែ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​ស្ថានភាព និង​ការ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ ចាប់ពី​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ វិនិយោគ ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​ពី​ប្រទេស​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព សាងសង់ អាជីវកម្ម និង​ផ្ទេរ រយៈពេល​ជិត​៥០​ឆ្នាំ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ផលិតផល​ក​សិ​-​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វិនិយោគ​ទៅ​កាន់​ទីផ្សារ ក្នុងស្រុក និង​ជា​ពិសេស​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ តាម​រយៈ​កំពង់​ផែ​សមុទ្រ​អន្តរជាតិ​ទឹក​ជ្រៅ​របស់​កម្ពុជា និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​តំបន់​នៅ​ទូ​ទាំង​ប្រទេស​។ ផ្លូវ​នេះ បាន​និង​កំពុង​សាងសង់​ដោយ​មាន​ទទឹង​តួ​ផ្លូវ​២៤,៥​ម៉ែត្រ សម្រាប់​គន្លង​ផ្លូវ​ធ្វើ​ចរាចរ​២​គន្លង​ទៅ ២​គន្លង​មក ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់​១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។

នៅ​លើ​បណ្តោយ​នៃ​ផ្លូវ​នេះ ក៏​មាន​សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន​៧​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន​២៨​កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​នេះ​ចំនួន​២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន​២០​កន្លែង ព្រមទាំង​សាងសង់​តំបន់​សេវាកម្ម ឬ​ចំណត​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​ចំនួន​១​កន្លែង​មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ផ្លូវ​ចំនួន​៤​កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន​៩​កន្លែង​៕

ប្រភព៖ ក្រសួងព័ត៌មាន