ចូល​ឆ្នាំ​ខ្មែរ ៣​ថ្ងៃ មាន​អ្នក​ទៅ​លេង​សៀមរាប​ប្រមាណ ៤​សែន​នាក់

0

សៀមរាប​៖ នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​១៦ ខែមេសា ឆ្នាំ​២០២២​នេះ ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​មាន​ចំនួន​ប្រមាណ ៤០០.៥៩១​នាក់​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ បាន​កោតសរសើរ ពី​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ខេត្ត​ទេសចរណ៍​មួយ​នេះ ជា​ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ​។

កញ្ញា លាង ស៊ី​ម ប្រជាពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ បាន​បង្ហាញ ពី​អារម្មណ៍​របស់​ខ្លូ​ន​ថា បន្ទាប់​ពី​ខក​ខានមិនបាន​មក​ទស្សនា​ខេត្តសៀមរាប រយៈពេល​២​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ឃើញ​ថា ក្រុង​សៀមរាប និង​តំបន់​រមណីយដ្ឋាន​អង្គរ​បច្ចុប្បន្ន មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការ​រៀបចំ​សោភ័ណ​ភាព ទាំង​នៅ​ជុំវិញ និង​បរិវេណ​ប្រាសាទ​ផ្ទាល់​។ កញ្ញា​បន្ត​ទៀត​ថា តំបន់​រមណីយដ្ឋាន​អង្គរ​ទាំងមូល បាន​កែប្រែ​ជា​ខ្លាំង ដោយ​មាន​ទាំង​សួនច្បារ​វាលស្មៅ និង​ដើមឈើ​តូច​ធំ មាន​ភាព​បៃតង​គ្រប់​រដូវ​កាល ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ម្តង​ហើយ​ចង់​មក​ម្តងទៀត​។

សំឡេង​៖”​ឃើញ​ខុស​ប្លែក​ខ្លាំង​មាន​ទែន​សឹងតែ​៩៩​ភាគរយ កាល​ខ្ញុំ​មក​លើក​មុន​មាន​បញ្ហា​ផ្លូវ ផ្លូវ​មិនសូវ​ល្អ​យើង​ជិះ​មក​ពិបាក តែ​ឥឡូវ​ផ្លូវ​ស្អាត មាន​សណ្តាប់ធ្នាប់ មាន​ប៉ូ​លី​ស​ចរាចរណ៍ មានការ​អនុវត្តន៍​ច្បាប់​ល្អ ហើយ​មក​លើក​ហ្នឹង​ឃើញ​ស្អាត​មាន​ទែន​ទាំង​ដើមឈើ វា​គួរ​ឱ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​មាន​ដាំ​ដើមឈើ​ច្រើន​ជាង​មុន​”​។

ចំណែក​លោក​សេង ឈ​ន ជា​ភ្ញៀវ​ទេសចរ​មក​ពី​រាជធានី​ភ្នំពេញ​ដែរ​នោះ បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​បាន មក​ទស្សនា​ប្រាសាទអង្គរវត្ត លើ​ទឹកដី​អច្ឆរិយៈ​របស់​ខេត្តសៀមរាប ដោយ​បានឃើញ​អំពី​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​វិចិត្រ ដែល​បុព្វបុរស​បាន​បន្សល់​ទុក​។ លោក​បន្ត​ថា នៅ​ឆ្នាំ​បន្តបន្ទាប់ លោក​នឹង​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប ឱ្យ​បាន​ញឹកញាប់ ព្រោះថា ទី​នេះ​មាន​ផ្លូវ​ស្រស់​ស្អាត និង​ភ្លើង​បំភ្លឺ​គ្រប់​ទីកន្លែង ជា​ពិសេស​ទៀត​នោះ នៅ​ពេល​ដែល​បាន​មក​លេង​រមណីយដ្ឋាន​អង្គរ បានឃើញ​អំពី​ទេសភាព​បៃតងខ្ចី ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​កែ​លម្អ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល​។

លោក​ក៏​បាន​សំណូមពរ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងអស់​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ពិសេស​ចូលរួម​ទុកដាក់​សំរាម​ដែល​ខ្លួន​បាន​ប្រើប្រាស់​រួច​ហើយ​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ចូលរួម​អនុវត្តន៍​ទៅ​តាម​ក្រម​ប្រតិបត្តិ​អង្គរ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចូលរួម​លើក​តម្លៃ​វប្បធម៌​ជាតិ​យើង​។

”​ប្រាសាទ​អង្គរ​ពិតជា​អស្ចារ្យ​ណាស់​ព្រោះ​អី​ប្រាង្គ​ប្រាសាទ​គឺ​ក្បាច់រចនា​ល្អ​ឥត​ខ្ចោះ ជំនាន់​ដើមការ​កសាង​ប្រាសាទ​អត់​មាន​សម្ភារៈ​វា​អត់ ទំនើប​ដូច​បច្ចុប្បន្ន ប្រើ​សុទ្ធតែ​ថ្ម​ល្អ​ៗ ដែល​អាច​គង់វង្ស ទី​មួយ​យើង​អាច​ចូលរួម​ថែរក្សា ភ្ញៀវ​ទេសចរ​ទាំងអស់​ចូលរួម​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​គាត់​មាន​ដាក់​ស្លាក​ការ​ហាមឃាត់​កុំឱ្យ​ប៉ះ​រូបចម្លាក់ និង​យើង​ចូលរួម​ថែរក្សា​អនាម័យ​ទាំងអស់​គ្នា​ផង ពិសេស​យើង​ចូលរួម​ពាក់​ម៉ាស់​ការពារ​គឺ​៣​កុំ​៣​ការពារ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី កុំឱ្យ​មាន​ហានិភ័យ​ពេល​យើង​សប្បាយ​។

សូម​ជម្រាប​ផង​ដែរ​ថា យោង​តាម របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប បាន​បង្ហាញ​ឱ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត រយៈពេល ០៣ ថ្ងៃ នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ មាន​ចំនួន​ប្រមាណ ៤០០.៥៩១ នាក់ ក្នុង​នោះ ៖

*​ទេសចរ​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​ចំនួន​ប្រមាណ ៣៩៧.០០០ នាក់ (​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​មាន​ចំនួន​ប្រមាណ ៤៥-៥០%​ប្រមាណ​ជា ១៨០.០០០-១៩០.០០០​នាក់​)​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់ ៖

– រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ៣៤៨.០០០ នាក់

– រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ ២៤.៥០០ នាក់

– តំបន់​ទន្លេសាប​មាន​ចំនួន​ប្រមាណ ២.៥០០ នាក់

– សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេង​ៗ​មាន​ចំនួន​ប្រមាណ ២២.០០០ នាក់ ។

* ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៣.៥៩១ នាក់ ៕

​ប្រភព៖ ក្រសួងព័ត៌មាន