បង្ហាញមុខ​ក្រុម​ជំនាញ​កាច់​សោក​ម៉ូតូ និង​លួច​រថយន្ត

0

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២ បាន​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់ ជា​សាធារណៈ​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ប្រើប្រាស់​មធ្យោបាយ​រថយន្ត​ប្រព្រឹត្ត​បទល្មើស​លួច​កាច់​សោក​ម៉ូតូ និង​លួច​រថយន្ត​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត សរុប​២០​ករណី ដែល​រង​ការ​បាត់បង់​ម៉ូតូ​៤៤​គ្រឿង និង​រថយន្ត​ចំនួន​២​គ្រឿង ក្នុង​នោះ​ក៏​បាន​រឹបអូស​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន​១៤​គ្រឿង ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​រួម​នឹង​រថយន្ត​ជា​មធ្យោបាយ​បំរើ​ឱ្យធ្វើ​សកម្មភាព​បទល្មើស​១​គ្រឿង​ផង​ដែរ​។ ក្រោយ​ពី​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​រង​ការ​បង្ក្រាប​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ​នេះ ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហកា​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​កាច់​សោក​យក​ម៉ូតូ​បាន​សម្រេច​ចំនួន​៥​ករណី លួច​ម៉ូតូ​អស់​ចំនួន​២៥​គ្រឿង នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​ដឹង​ថា​៖ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​ដោយ​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​រូប​លោក​ផ្ទាល់ ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ហើយ​នោះ​។

លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៣​នាក់​នេះ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១​ខែ ត្រូវ​បាន​ដោះ​លែង​វិញ ហើយ​មក​បន្ត​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេះ​ថែម​ទៀត គឺ​ឈ្មោះ ត្រេ​ន ធឿ​ន ហៅ​គង់ សំណាង ហៅ ឡេ​ង ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្ទះ​លេខ​៧ អឺ ផ្លូវ​លេខ​៤២២ ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បក្ខពួក​២​នាក់​ទៀត​មានឈ្មោះ ធី ហេង ហៅ ប៉ា អា​ប៉ូ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​លេខ​៧​អឺ ផ្លូវ​លេខ​៤២២ ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ឈ្មោះ ស្លេះ បញ្ហា ហៅ​កៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ជនសង្ស័យ​ទាំង​៣​នាក់ គឺ​មាន​បក្ខពួក​មួយ​ចំនួន​ទៀត​ក្នុង​ការ​ចេញ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​លួច​កាច់​សោក​ម៉ូតូ និង​លួច​រថយន្ត ដោយ​ប្រើប្រាស់​រថយន្ត​ដឹក​បក្ខពួក​ចេញ​ប្រព្រឹត្ត​បទល្មើស ទាំង​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ហើយ​រាល់​ការ​លួច​ម៉ូតូ និង​រថយន្ត​បាន​គឺ​ពួក​វា​យក​ទៅ​ផ្ញើ​កន្លែង​ផ្ញើ​ម៉ូតូ និង​រថយន្ត​នៅ​តាម​បណ្តា​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​ម៉ូតូ​ចំនួន​១៤​គ្រឿង ដែល​សមត្ថកិច្ច​រឹបអូស​យក​មក​នៅ​ពេល​នេះ គឺ​ពួក​វា​បាន​យក​ទៅ​ផ្ញើ​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​តាម​បណ្តា​ផ្សារ និង​លាក់​ទុក​ក្នុងផ្ទះ​ជួល​ផង​ដែរ​។

លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ជនសង្ស័យ​ទាំងនេះ​ភាគច្រើន​ចេញ​ធ្វើ​សកម្មភាព​លួច​កាច់​សោក​យក​ម៉ូតូ និង​រថយន្ត​នៅ​តាម​ទី​សាធារណៈ​ចាប់ពី​វេលា​យប់​អធ្រាត្រ​ស្ងាត់​រហូត​ព្រឹក​ទាប​ភ្លឺ នៅ​គ្រា​ដែល​ជន​រង​គ្រោះ​ដេក​លង់លក់​។ ភូមិសាស្ត្រ​ដែល​ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោក​យក​ម៉ូតូ និង​រថយន្ត​ទាំង​២០​ករណី​រួ​មាន​មាន​៖ ១-​រាជធានី​ភ្នំពេញ​ចំនួន​៥​ករណី ម៉ូតូ​ចំនួន​២៥​គ្រឿង​, ២-​ខេត្តកំពត​ចំនួន​៥​ករណី ម៉ូតូ​ចំនួន​៦​គ្រឿង និង​រថយន្ត​២​គ្រឿង​, ៣-​ខេត្តកំពង់ស្ពឺ​ចំនួន​៦​ករណី ម៉ូតូ​ចំនួន​៧​គ្រឿង និង​៤-​ខេត្តតាកែវ ចំនួន​៤​ករណី ម៉ូតូ​ចំនួន​៦​គ្រឿង​។

ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​នៅ​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​សមត្ថកិច្ច​បាន​ច​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ