ពោធិ៍សាត់ ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនពីបទប្រើអំពើហឹង្សា ដោយ ចេតនាលើជនរងគ្រោះឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍នេះ កើតឡើងនៅក្នុងពិធីមង្គលការមួយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល១០និង០០នាទីយប់ នៅចំណុចក្បែររោងការស្ថិតនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ម៉ុល ធីដែត អធិការរងនគរបាលស្រុកក្រគរបានឲ្យដឹងថា យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះកុល ធាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយមីងជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីយប់ មានកម្មវិធីមង្គលការរបស់ឈ្មោះ អ៊ន ចាន់នឿន ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយក្មួយរបស់ខ្លួនឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ បានទៅចូលរួមជួយរត់តុទទួលភ្ញៀវរហូតទាល់តែអស់ភ្ញៀវ ទើបក្មួយរបស់ខ្ញុំសំរាកហើយអង្គុយផឹកស៊ីរាំលេងរហូតដល់ម៉ោង១០និង០០នាទីយប់ ហើយក្មួយរបស់ខ្ញុំបានក្រោកទៅបត់ជើង ពេលនោះស្រាប់តែឈ្មោះ អ៊ន ចន្នី ស្ទុះមកវៃក្មួយរបស់ខ្លួនដោយប្រើដំបងបណ្ដាលអោយរងរបួសកកឈាមក្នុងខួរក្បាល។
លោកអធិការរងបានបន្តទៀតថា ជនសង្ស័យចំនួន២នាក់ ៖
១-ឈ្មោះ អ៊ន តូម៉ន ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ និង២-ឈ្មោះ អ៊ន ចន្នី ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ។ ជនបង្កទាំងពីរនាក់មានលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកបានបន្តទៀតថា ចំពោះជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១១និង ២៤នាទី ដើម្បីរៀបចំនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ