ក្រសួង​នឹង​ប្តូរ​ពេល​ប្រកាស​តម្លៃ​សាំង​ពី ១៥​ថ្ងៃ​ម្តង មក​១០​ថ្ងៃ​ម្តង​វិញ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​សិក្ខាសាលា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ នៅ​សណ្ឋាគារ Hyatt Regency រាជធានី​ភ្នំពេញ ថា​ក្រសួង​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ការ​ជូនដំណឹង​ពី​កាលកំណត់​ថ្លៃ​ប្រេងឥន្ធនៈ ពី​១៥​ថ្ងៃ មក​ត្រឹម ១០​ថ្ងៃ​វិញ​។

ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា “​ក្រសួង​បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ដែល​ពាក់ព័ន្ធ​ដូច​ជា ក្រសួង​ហិរញ្ញ​វ​ត្តុ ក្រសួង​រ៉ែ និង​ថាមពល និង​ផ្នែក​ឯកជន អ្នក​ដែល​ចែកចាយ​ប្រេងឥន្ធនៈ​នឹង បាន​ឯកភាព​គ្នា​គាំទ្រ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​ពី​មុន​មក មាន​១៥​ថ្ងៃ​នៃ​ការ​ដាក់​តម្លៃ ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​ចែកចាយ​កុំឱ្យ​លើស​ពី​តម្លៃនឹង ប៉ុន្តែ​ល្ងាច​នេះ​ខ្ញុំ​នឹង​ចុះហត្ថលេខា​សុំ​សេចក្តី​អនុញ្ញាត​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផ្សព្វផ្សាយ​ក្នុង​រយៈ ពេល​១០​ថ្ងៃ​ម្តង មិនមែន​១៥​ថ្ងៃ​ទៀត​ទេ ដើម្បី​ឱ្យ​ឆាប់​មានការ​ផ្លាស់​ប្តូរ​ប្រែប្រួល​នូវ​តម្លៃ​”៕