ភ្នំពេញ ៖ ការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន០៧នាក់ជាប់ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ(អត្តសញ្ញាណសញ្ជាតិខ្មែរ,សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ)ដើម្បីប្រើប្រាស់ឆបោកប្រាក់ពីជនរងគ្រោះជាង២លានដុល្លារ នៅក្នុងសកម្មភាពឆបោកចំនួន០៤ករណីនៅអំឡុងចុងឆ្នាំ២០២១និងដើមឆ្នាំ២០២២នៅរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៧នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ,២១និងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។ ក្នុងនោះក៏បានដកហូតវត្ថុតាងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្លែងក្លាយចំនួន១១សន្លឹក,សៀវភៅគ្រួសារក្លែងក្លាយ០១ក្បាល,សៀវភៅស្នាក់នៅ០១សន្លឹក,សៀវភៅមូលប្បទានបត្រ០១ក្បាល និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ០២សន្លឹក ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយបានសម្រេចនៅពេលនេះក្រោយពីជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច។កម្លាំងសមត្ថកិច្ចអវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបានបញ្ជាផ្ទាល់ទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះស្រាវជ្រាវស៊ើបអង្កេតលើសំណុំរឿងនេះ និងឈានទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន០៧នាក់ជាបន្តបន្ទាប់ ៖
១-ឈ្មោះ វ៉ាន់ សុវត្ថិឌី ហៅជៀប ជូពីដារីភេទ ស្រី អាយុ៤៨ឆ្នាំ ប្រកបមុខរបរគក់ជេរដី ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិគល់សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
២-លាស់ យូ ហៅ បូ វណ្ណៈ ភេទប្រុស អាយុ៥៧ឆ្នាំ ប្រកបមុខរបរ ទិញលក់គោ ស្នាក់នៅផ្ទះជួល ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។
៣-ងេត បាញ ហៅ យម អេង ភេទស្រី អាយុ៣៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
៤-ជុំ ភាព ភេទ ប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរជាភ្ញាក់ងារផ្តល់សេវាប្រាក់កម្ចី អចលទ្រព្យ រស់នៅក្នុងភូមិដង្កា សង្កាត់ដង្កា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥-កង ស៊ីណាត ហៅសំណាង ភេទប្រុស អាយុ៤២ឆ្នាំ ប្រកបមុខរបរគួកជេរដី រស់នៅផ្ទះជួលក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
៦-កង ចាន់ធឿន ហៅម៉ៅ ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ ប្រកបមុខរបរ បើកបរគ្រឿងចក្រ រស់នៅបន្ទប់ជួល ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
៧-ហេង សម្ភស្ស ហៅយូ ស្រី មុំ ភេទស្រី អាយុ៣១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅក្នុងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្តាល។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា៖ជនសង្ស័យខាងលើបាននាំគ្នាឃុបឃិត ទៅធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយធ្វើប្លង់ដីក្លែងក្លាយ ដើម្បីទៅឆបោកខ្ចីប្រាក់ពីជនរងគ្រោះ ឈ្មោះ កាំង ណៃយូរ ភេទស្រី អាយុ៣៩ឆ្នាំ ចំនួន៥០ម៉ឺនដុល្លារ ប៉ុន្តែនៅខណៈនោះកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យ០៣នាក់ បន្ទាប់មកក៏ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ទៀត ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើប្លង់ដីក្លែងក្លាយដោយយកប្លង់ដីរបស់អ្នកដទៃ យកមកធ្វើប្លង់ដីផ្ទាល់ខ្លួន កាត់តភ្ជាប់រូបថតរបស់ខ្លួន សកម្មភាពនេះបានឆបោកចំនួន០៤ករណី ៖
ករណីទី១-ឆបោកប្រាក់៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។
ករណីទី២-ឆបោកប្រាក់ ចំនួន៥០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។
ករណីទី៣-ឆបោក ប្រាក់៨០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។
ករណីទី៤-ឆបោកប្រាក់៤០ម៉ឺនដុល្លារ ប្រព្រឹត្តនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ។
ជនសង្ស័យក្រោយពីសមត្ថកិច្ចសួរនាំរួចហើយនៅរសៀលថ្ងៃដដែលក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នោះហើយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ