សៀមរាប៖ សេចក្តីជូនដំណឹងស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ។ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមគោរពជម្រាបជូនដំណឹង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ ៣ឆ្នាំទៅ៥ឆ្នាំ និងក្រុមអាយុ ៦ឆ្នាំទៅក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មេត្តាជ្រាបថា ៖
១. កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ សម្រាប់កុមារអាយុ៣ឆ្នាំទៅក្រោម៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលមាន ២២ទីតាំងដូចខាងក្រោម៖
-ក្រុងសៀមរាប ៖ មន្ទីរពេទ្យខេត្ត, មណ្ឌលសុខភាពមណ្ឌល០១, មណ្ឌលសុខភាពគោកចក,
មណ្ឌលសុខភាពជ្រាវ និងមណ្ឌលសុខភាពសៀមរាប។
– ស្រុកប្រាសាទបាគង ៖ មណ្ឌលសុខភាព ប្រាសាទបាគង
– ស្រុកអង្គរធំ ៖ មណ្ឌលសុខភាព អង្គរធំ
– ស្រុកបន្ទាយស្រី ៖ មណ្ឌលសុខភាព បន្ទាយស្រី
– ស្រុកជីក្រែងមាន២ទីតាំង ៖ មណ្ឌលសុខភាព កំពង់ក្តី និងមណ្ឌលសុខភាព ពង្រក្រោម
– ស្រុកស្វាយលើ ៖ មណ្ឌលសុខភាព ស្វាយលើ
– ស្រុកសូទ្រនិគមមាន២ទីតាំង ៖ មន្ទីរពេទ្យបង្អែកសូទ្រនិគម និងមណ្ឌលសុខភាព ពពេល
– ស្រុកពួកមាន៣ទីតាំង ៖ មន្ទីរពេទ្យបង្អែកពួក, មណ្ឌលសុខភាពសសរស្តម្ភ,និងមណ្ឌលសុខភាពរើល
– ស្រុកអង្គរជុំ ៖ មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ
– ស្រុកវ៉ារិន ៖ មណ្ឌលសុខភាព ស្រែណូយ
-ស្រុកក្រឡាញ់មាន៣ទីតាំង ៖ មន្ទីរពេទបង្អែកក្រឡាញ់, មណ្ឌលសុខភាពស្រណាល, មណ្ឌលសុខភាពសែនសុខ
– ស្រុកស្រីស្នំ ៖ មណ្ឌលសុខភាពស្រីស្នំ។
២. យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងម៉ោង១៤:០០នាទីរសៀលដល់ម៉ោង១៦:៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។
៣. ត្រូវយកកាតចាក់វ៉ាក់សាំងមកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន សម្រាប់កុមារអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំដែលត្រូវចាក់ដូសជំរុញ។ ចំពោះកុមារអាយុ៣ឆ្នាំ ទៅក្រោម៥ឆ្នាំត្រូវយកមកជាមួយនូវ៖
• សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
• ឬ សៀវភៅគ្រួសារ
• ឬ លិខិតឆ្លងដែន
• និងប័ណ្ណសគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការ)។
៤. ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនទាំងអស់ ក្នុងការអនុវត្តតាមគោលការណ៍ដែលបានណែនាំខាងលើតាមការគួរ៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប