អ្នក​ប្រើប្រាស់​អ៊ី​ធឺ​ណែ​តរបស់ Opennet នឹង​មាន​បញ្ហា ឫ​អត់ ពេល​ដែល​ក្រុមហ៊ុន​នឹង​ត្រូវ​ព្យួរ​អាជ្ញា​បណ្ណ

0

ភ្នំពេញ​៖ ក្រោយ​មានការ​ព្រួយបារម្ភ​អំពី​អតិថិជន​ចាស់ ដែល​បាន​បង់ថ្លៃ​សេវា​អ៊ី​ធឺ​ណែ​តរបស់​ក្រុមហ៊ុន Opennet ព្រោះតែ​ខាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រៀបចំ​ចាត់វិធានការ​ព្យួរ​អាជ្ញា​បណ្ណ ដោយសារ​តែ​ខាង Opennet មិន​ទាន់​ទូទាត់​បំណុល​របស់​រដ្ឋ​។

ក្នុង​នោះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ ឯកឧត្ដម សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃ​ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ បានអោយ​ដឹង​ថា “​យោង​តាម​វិធានការ​ចំពោះ​មុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ផ្ដល់​សេវា​ជូន​អតិថិជន​ថ្មី​ៗ និង​ចុះ​កិច្ចសន្យា​ធុរកិច្ច​ជាមួយនឹង​ក្រុមហ៊ុន​ដៃគូ​ផ្សេង​ៗ នៅ​ក្នុង​រយៈពេល​នៃ​ការ​ព្យួរ​អាជ្ញា​បណ្ណ​នេះ​។ ដូចនេះ​ការ​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​រួម​ទាំង​សេវា wifi របស់​អតិថិជន​បច្ចុប្បន្ន នឹង​ពុំ​មានការ​ប៉ះពាល់​ឡើយ​”​។

ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា “​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នឹង​ចាត់វិធានការ​ស្រប​តាម​លក្ខខណ្ឌ​នៃ​អាជ្ញា​បណ្ណ ក៏​ដូច​ជា​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដើម្បី​ឱ្យ​ក្រុមហ៊ុន Opennet សងបំណុល​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ជា​អប្បបរមា​”៕