រថយន្ត និង​ម៉ូតូ បុក​គ្នា​កណ្តាលផ្លូវ បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាក់ និង​របួសធ្ងន់​ម្នាក់

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ក្រុម​ទី​១៥ ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។

លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បាន​រាយការណ៍​អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​លឿង ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-0745 អ្នកបើកបរ​ឈ្មោះ មុំ សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គក ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​នឹង​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា (​កូរ៉េ​) ពណ៌​ក្រហម ស៊េរី​ចាស់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស ទូច ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង​អ្នក​រួម​ដំណើរ​១​នាក់​ទៀត ឈ្មោះ ខន ប៊ុ​ន​ថៃ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​រង​របួសធ្ងន់​) ។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​អាច​បញ្ជាក់​បាន​ថា ករណី​នេះ បណ្តាល​មក​ពី​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ ពេល​មក​ដល់​ចំណុច​កើតហេតុ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ក៏​បណ្តាល​អោយ​រថយន្ត​បើកបរ​បញ្ច្រាសទិស​គ្នា​ជ្រុល​មក​បុក​ពេញទំហឹង​តែ​ម្តង ។

បច្ចុប្បន្ន អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​សាកសព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ