សៀមរាប ៖ នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ០៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ថិតនៅ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៤និង ៣៦៥ រវាងរថយន្តក្រុងបុកជាមួយរថយន្តធុនធំដឹកស៊ីម៉ង់ និងរថយន្តធុនតូច។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងម៉ាក MITSUBISHI ពាក់ផ្លាកលេខ ភ្នំពេញ 3B.9886 ពណ៍បៃតង បើកបរដោយឈ្មោះ (មិនស្គាល់អត្ដសញ្ញាណ ) ក្នុងទិសដៅពីកើតទៅលិចបានរ៉េចង្កូតឆ្វេងដៃ បានបុករថយន្តធំមួយគ្រឿងដឹកស៊ីម៉ង់ម៉ាក NISSAN UD ពាក់ស្លាកលេខ ស្វាយរៀង 3A.0625 ចំពីមុខបើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ) ក្នុងទិសដៅពីលិចទៅកើត។
ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកចរាចរណ៍ស្រុកក្រឡាញ់ បានចុះមកដល់កន្លែងកើតហេតុ និងបានសម្រួលចរាចរណ៍ការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀត ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក HYUNDAI MIGHTY ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.6797 បើកដោយឈ្មោះ ឈី សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង មានអ្នករួមដំណើរបីនាក់ទៀតមួយឈ្មោះ រស់ ម៉ារិទ្ធិ ភេទស្រី អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ហឿ ធារ៉ា ភេទស្រី អាយុ៤០ឆ្នាំ និងកូនក្មេងប្រុសតូចមួយទៀតមិនស្គាល់ឈ្មោះ រស់នៅភូមិ ពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកមកពីទិសខាងលិចយ៉ាងលឿនឃើញបែបនោះមន្ត្រីចរាចរណ៍ បានធ្វើសញ្ញាឲ្យបន្ថយល្បឿនតែមិនព្រមបន្ថយល្បឿនទើបមន្ត្រីចរាចរណ៍យើងបានលោតគេចចេញ ហើយរថយន្តខាងលើនោះក៏បានបើកមកបុកគូទរថយន្តដឹកស៊ីម៉ងត៍ពីក្រោយបន្ថែមទៀត ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយគ្រោះថ្នាក់ និងខូចខាត៖ ១. ឈ្មោះ រស់ ម៉ារិទ្ធិ (បាក់ជើងទាំងពីរ) ។ ២. ឈ្មោះ ហឿ ធារ៉ា (របួសស្រាល)។ ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង និងរថយន្តស្រាលចំនួន ០១គ្រឿង។ មូលហេតុគ្រោះថ្នាក់ ចរាចរណ៍ បណ្តាល មកពីអ្នកបើកបររថយន្តក្រុង និងរថយន្ត. HYUNDIA បេីកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ពិនិត្យវាស់វែងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក។ ចំណែកវត្ថុតាងទាំងបីគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ