ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់​កម្ចី​ចំនួន​៩៥​លាន​ដុល្លារ ដើម្បី​ជួយ​កម្ពុជា សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វី​ដ​១៩

0

ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​៩៥​លាន​ដុល្លារ​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ជូន​ប្រជាពលរដ្ឋ ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៣ រួម​មានការ​ចាក់​វ៉ាក់សាំង​ជំរុញ​ប្រចាំឆ្នាំ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច និង​ការ​ចាក់​វ៉ាក់សាំង​មូលដ្ឋាន​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​។ លោក Rikard Elfving អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​សង្គម​របស់ ADB បាន​គូសបញ្ជាក់​ថា “​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ដើម្បី​សង្គ្រោះ​ជីវិត​ដោយ​កាត់​បន្ថយ​ចំនួន​ករណី ឆ្លង​មេរោគ ធ្ងន់ធ្ងរ​និង​បង្កើន​ល្បឿន​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ពី​ជំងឺ​រាតត្បាត​។

ADB ក៏​នឹង​ផ្តល់ ជំនួយ​បច្ចេកទេស​ចំនួន​១​លាន​ដុល្លារ​ផង​ដែរ ដើម្បី​ជួយ​កម្ពុជា​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ ដឹក​ជញ្ជូន និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ព្រមទាំង​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​ការ ទទួល​បាន​វ៉ា​ក់ សាំង​ក្នុង​ចំណោម​ស្ត្រី​កុមារី​កុមារ​តូច​និង​ក្រុម​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​។​”

លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​ក្នុង​ឆ្នាំ​២០២០​។ ប៉ុន្តែ​ការ​ផ្ទុះ​ការ​ឆ្លង​នៅ​ឆ្នាំ​២០២១​បាន​បង្ក​ជា​សម្ពោធ​យ៉ាង​ធ្ងន់ ធ្ង​រ​ដល់ ប្រព័ន្ធ​ថែទាំ​សុខភាព​ហើយ​បណ្តាល​ឱ្យ​មានការ​បិទ​សាលារៀន និង​អាជីវកម្ម​ជា ច្រើន មួយ​រយៈពេល​ធំ​ក្នុង​ឆ្នាំ​នោះ​។ ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា​បាន​ផ្តល់​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៨០​ភាគរយ នៃ​ប្រជាពលរដ្ឋ​សរុប​១៦,៧​លាន​នាក់​ចាប់តាំងពី​ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​មក​។ ជា​មធ្យម ពល រដ្ឋ​កម្ពុជា​ច្រើន​ជាង​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ប្រាំ​នាក់ ឬ​២១,៨​ភាគរយ​បាន​ទទួល​ការ​ចាក់ វ៉ាក់សាំង​ដូ​ស​ជំរុញ​។

ទោះបីជា​យ៉ាងនេះ​ក្តី ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​នៅ​តែ ងាយ រង​គ្រោះ​ចំពោះ​ការ​កើនឡើង​នៃ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​បំប្លែង​ខ្លួន​ដូច​ជា Delta និង Omicron ជាដើម​។ បើ​តាម ADB បន្ថែម​ពីលើ​ប្រាក់​កម្ចី​ដែល​បាន​មក​ពី​មូលនិធិ​សម្រាប់​ការ​ទទួល​បាន​វ៉ាក់សាំង​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​(Asia Pacific Vaccine Access Facility ឬ​ហៅ​កាត់​ថា APVAX) ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​(Asian Infrastructure Investment Bank) ដែល​រំពឹង​ថា នឹង​ផ្តល់​ជា​សហ​ហិរញ្ញប្បទាន​ចំនួន ៥០ លាន​ដុល្លារ បើ​មានការ​យល់ព្រម​ពី​ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​។

ចំពោះ​គម្រោង​ខាងលើ ជា​ការ​គាំទ្រ​បន្ថែម​ទៅ​លើ​ជំនួយ​ទាក់ទង​នឹង​កូ​វី​ដ​១៩​កន្លង​ទៅ​របស់ ADB ដល់​កម្ពុជា​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៨​ខែកក្កដា​ឆ្នាំ​២០២០ ADB បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​២៥០​លាន​ដុល្លារ ដើម្បី​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខ ភាព​សង្គម​និង​សេដ្ឋកិច្ច​នៃ​ជំងឺ​រាតត្បាត​នេះ​។ លើស​ពី​នេះ ADB ក៏​បាន​ផ្តល់​ឧបករណ៍​ការ ពារ​ខ្លួន​ប្រមាណ​១,៧​លាន​គ្រឿង​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​ផង​ដែរ​។ ចាប់តាំងពី​ឆ្នាំ​២០០៥ មក ADB បាន​គាំទ្រ​គម្រោង​គ្រប់គ្រង​ជំងឺឆ្លង​ក្នុង​តំបន់​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។ នៅ​ខែតុលា​ឆ្នាំ​២០២១ ADB បាន​អនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន ៣០ លាន​ដុល្លារ​សម្រាប់ គម្រោង​សន្តិសុខ​សុខភាព​មហា​អនុ​តំបន់​មេគង្គ​(Greater Mekong Subregion Health Security Project) ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ខណៈ​ពេល មានការ កើនឡើង​នៃ​ករណី​ជំងឺ​កូ​វី​ដ​១៩៕

ប្រភព៖ ក្រសួងព័ត៌មាន