ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ ដើម្បីមានវិធានការតាមច្បាប់។
ក្នុងនោះសម្ដេចក្រឡាហោម បានអះអាងថា «អ្នកបើកបររថយន្តធុនធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន។ ហេតុដូច្នេះ សូមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះ គឺអគ្គស្នងការដ្ឋានគបាលជាតិ ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ»។
សម្តេចក្រឡាហោម បានបន្ថែមទៀតថា អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុនេះ ត្រូវរៀបចំបែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យ មានកិច្ចសហការរវាងសមត្ថកិច្ចជាមួយវិស័យឯកជន ពិសេស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំង ត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់៕
ប្រភព៖ សហការី