បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង វាសនា ហៅ ភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទាក់ទងនឹងករណីរំលោភលើទំនុកចិត្ត(យកម៉ូតូចំនួន០១គ្រឿង) ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅត្រង់ចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ អឿន ចិន្ដា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្នភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយបានកើតឡើងបង្កដោយឈ្មោះ សេង វាសនា ហៅ ភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង សុំខ្ចីម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ ឧ-មានជ័យ 1B-4238 ជិះហើយមិនឃើញយកមកប្រគល់ឱ្យខ្លួនវិញសោះ ។
ដោយការទន្ទឹងរង់ចាំនិងមិនមានការទាក់ទងបាន ដែលជាហេតុនាំឱ្យជនរងគ្រោះ ដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាលឱ្យស្រាវជ្រាវឈានទៅឃាត់ខ្លួនអនុវត្តតាមច្បាប់ ។
បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងនេះ នគរបាលក្រុងបាត់ដំបងបានធ្វើការស្រាវជ្រាវរហូតឃើញមុខសញ្ញា និងឃាត់ខ្លួនដោយដកហូតបានម៉ូតូជារបស់ជនរងគ្រោះនោះត្រឡប់មកវិញ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពទទួលស្គាល់ថា ។
ពេលនេះជនសង្ស័យត្រូវបាននគរបាលក្រុងបាត់ដំបង រៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ ។ រីឯម៉ូតូបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ ៕