បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឱ្យជនរងគ្រោះស្លាប់កើតឡើងចំនួន ០១លើក កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ត្រង់ចំណុចលើបណ្តោយផ្លូវជាតិលេខ៥៩ ក្រុមទី០៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមមាន ៖ ១.ឈ្មោះ យ៉ាង សុខចាន់នី ហៅ អ៊ុក ភេទប្រុស អាយុ២១ឆ្នាំ ។ ២.ឈ្មោះ ហ៊ាន វ៉ើយហុង ភេទប្រុស អាយុ២២ឆ្នាំ និង៣.ឈ្មោះ អឿន ភារម្យ ភេទប្រុស អាយុ២២ឆ្នាំ ។ អ្នកទាំង០៣នាក់ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពស្ទាក់អមសងខាងផ្លូវជាតិ ដោយយកដុំថ្ម ពូថៅ និងកាំបិតផ្គាក់ គប់ និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងជិះម៉ូតូតាមផ្លូវបណ្ដាលឲ្យរងរបួសកចំហៀងខាងស្តាំ (ធ្ងន់ធ្ងរ) និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីនេះ កម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕