ចោរ​ស្លៀក​តែ​លី​អូ ៣​នាក់ ចូល​ប្លន់​ផ្ទះ​ប្រជាជន​មួយ​កន្លែង

0

ស្វាយ​រៀង​៖ កាលពី​ម៉ោង ៦:៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មាន​ករណី​ចោរ​មួយ​ក្រុម​ដែល​ស្លៀក​លី​អូ ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​ចំណុច​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រាល​គោ ស្រុក​ស្វាយ​ជ្រុំ​ខេត្តស្វាយរៀង​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ចែត ភ​ន អាយុ ៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ុ​ន ធីតា អាយុ ៣០​ឆ្នាំ រស់នៅ​ទីតាំង​ខាងលើ​។

ក្នុង​នោះ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ចោរ ៣​នាក់​ស្លៀក​លី​អូ ដោយ​មាន​អាវុធ​វែង​គ្រប់​ដៃ បាន​ចូល​មក​ភ្ជង់​ខ្លួន​។ ដោយ​ភ័យ​ខ្លាច​ពេក​ខ្លួន​បាន​យក​កាបូប ដែល​នៅ​ក្នុង​នោះ​មាន​លុយ ២០០​ដុល្លារ និង​ខ្សែដៃ​មាស ៥​ជី​មួយ​ខ្សែ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ក្រុម​ចោរ​ខាងលើ​បាន​នាំ​គ្នា​គេចខ្លួន​ពី​កន្លែង​កើតហេតុ​ដោយ​សុវត្ថិភាព​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន លោក​អនុសេនីយ៍ឯក ស្រ៊ី ស៊ី​ថន ក្រុមការងារ​ប្រចាំ​បញ្ជា ១១៧ បាន​បញ្ជូន​ព័ត៌មាន​ទៅ​លោក​ប៊ូ សា​រ៉េ​ន ស្នងការ​រង នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង ដើម្បី​ចុះ​អន្តរាគមន៍​បន្ទាន់​៕