កំពង់ស្ពឺ ៖ នៅថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១និង០០ នាទី នៅលើផ្លូវជាតិលេខ ៥១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ត្រង់ចំណុចភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាក១គ្រឿងម៉ាក HONDA WINNER ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឆៃ ធី ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។
ប្រភពព័ត៌មានបន្តថា លុះបើកបរមកដល់ចំណុចខាងលើបានបើកទៅបុករថយន្ត០១ គ្រឿងម៉ាក FORD RABTER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ.1106 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេចខ្លួនបាត់ក្រោយកើតហេតុ) ខណៈកំពុងបើកបរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច ។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ ។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីចាត់ការតាមនីតិវិធី ៕