បាត់ដំបង៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង០០ទី ត្រង់ចំណុចដាពង្រ ស្ថិតក្នុងក្រុមទី១០ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីរំលោភសេពសន្ថវៈ ០១កើតទ្បើង បង្ករដោយជនសង្ស័យ ០១នាក់ឈ្មោះ ខាវ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃព្រំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានផឹកស្រាស្រវឹង ទៅចាប់រំលោភស្ត្រី ០១នាក់ឈ្មោះ ច ម ន ក ភេទស្រី អាយុ២០ឆ្នាំ ខេត្តបាត់ដំបង រហូតបានសំរេច ០១លើក ខណៈប្តីនារីរងគ្រោះមិននៅផ្ទះ។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ០១នាក់ឈ្មោះ ខាវ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃព្រុំ២ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិសកម្មភាពចាប់រំលោភលើស្ត្រីរងគ្រោះខាងលើពិតប្រាកដមែន ក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ករណីនេះ នគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕