បំបែកសំណុំរឿង​! សម្លាប់​មនុស្ស​យក​សព​ទៅ​កប់​ចោល កក្រើក​ខេត្ត​ព្រះ​សីហ​នុ

0

ព្រះ​សីហ​នុ​៖ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ពិសេស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ សហការ​យ៉ាង​យកចិត្តទុកដាក់ និង​សកម្ម ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​, រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ខេត្តព្រៃវែង បាន​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ក្រាប​ករណី ឃាតកម្ម គិត​ទុកជា​មុន (​សម្លាប់​រួច​យក​សាកសព​ទៅ​កប់​ចោល​) ចំនួន​០២​ទីតាំង ផ្សេង​ពី​គ្នា​ជន​រង​គ្រោះ ០២​នាក់ (​ស្រី​, ប្រុស​) កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ និង​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ការ​នាំ​ចូល សន្និធិ​អាវុធ​ដោយ​ខុសច្បាប់​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី ប្រទះ​ឃើញ សាកសព​ដែល​គេ​កប់​ក្នុង​ដី ដែល​មាន​សភាព​ហើយ​ស្អុយ ចំនួន​០២​ទីតាំង​ផ្សេង​ពី​គ្នា​៖

១-​ទីតាំង​ទី​១ នៅ​ចំណុច​ខាងក្រោយ ឆៃ​ណា​ថោ​ន ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​៦ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ ជន​រង​គ្រោះ​ឈ្មោះ LI HONG ហៅ Da Da ភេទ​ប្រុស ជនជាតិ​ចិន កើត​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​១៩៩២ កាន់​លិខិតឆ្លងដែន​លេខៈ EH48085068​។

២-​ទីតាំង​ទី​២ នៅ​ចំណុច ភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ជន​រង​គ្រោះជា​ជនជាតិ​អាស៊ី ភេទ​ស្រី អាយុ​ប្រហែលជា​២០​ឆ្នាំ ទៅ​២៥​ឆ្នាំ មានកំ​ពស់​១,៥៥​ម៉ែត្រ សម្បុរ​ស សក់​ពណ៌​ទង់ដែង មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​។

លោក​ឧត្តមសេនីយ៍ទោ បាន​បន្ត​ថា​តាម​ការ​ពិនិត្យ​វិភាគ​របស់​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ យើង​អាច​សន្និដ្ឋាន​បាន​ថាៈ ការ​ស្លាប់​របស់​ជន​រង​គ្រោះ​បណ្ដាល​មក​ពី​អំពើ ឃាតកម្ម ដោយ​ជនសង្ស័យ​បាន​សម្លាប់​ជន​រង​គ្រោះ រួច​ទើប​យក​សាកសព​ទៅ​កប់​ចោល​។ សេចក្តីសន្និដ្ឋាន​ជំហាន​ដំបូង​៖ ចំពោះ​ករណី ឃាតកម្ម (​សម្លាប់​រួច​យក​សាកសព​ទៅ​កប់​ចោល​) ទាំង ០២​ករណី ខាងលើ​នេះ ឆ្លង​តាម​ការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ជន​រង​គ្រោះ​ទាំង ០២​នាក់ ព្រមទាំង​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្លាកស្នាម​អំពើ​ដែល​ជនសង្ស័យ​សម្លាប់​ជន​រង​គ្រោះ រួច​យក​ទៅ​កប់​ចោល​ក្នុង​ដី​នៅ​ទីកន្លែង​ផ្សេង​ពី​គ្នា គឺជា​ករណី​តែ​មួយ​។

បច្ចុប្បន្ន​សាកសព​របស់​ជន​រង​គ្រោះ​ទាំង ០២​នាក់ បាន​ប្រគល់​ជូន​ការិយាល័យ​ពិនិត្យ​វិភាគ​ទីកន្លែង​កើតហេតុ នៃ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​ក្នុង​ការ​ស្រាវជ្រាវ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បន្ថែម​ចាប់ពី​មាន​ហេតុការណ៍​ប្រទះ​ឃើញ​សាកសព នៅ​ថ្ងៃ​ទី ២១​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​និង​អ្នក​ពាក់ព័ន្ធ​ហេតុការណ៍ មក​សួរ​បំភ្លឺ សរុប​ចំនួន ១៤​នាក់ ក្នុង​នោះ​៖ ប្រុស ១២​នាក់ ជនជាតិ​ចិន និង​ស្រី​២​នាក់ (​ជនជាតិ​ចិន​១ នាក់ និង​ជនជាតិ​វៀតណាម​១​នាក់​) ហើយ​ក្នុង​ចំណោម​ជនសង្ស័យ​និង​អ្នក​ពាក់ព័ន្ធ​ហេតុការណ៍​ទាំង ១៤​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​យើង​សំរេច​ឃាត់ខ្លួន អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ចំនួន​១១​នាក់ និង​មនុស្ស ០៣​នាក់​ទៀត (​បុរស​ជនជាតិ​ចិន​១​នាក់​, នារី​ជនជាតិ​ចិន​១​នាក់ និង​នារី​ជនជាតិ​វៀតណាម​១​នាក់​) គឺ​មិន​ជាប់​ពាក់ព័ន្ធ​និង​ករណី នេះ​ឡើយ ទើប​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​បញ្ជាក់​ថា​សមត្ថកិច្ច​បង្ក្រាប​បាន​៖ ករណី​ឃាតកម្ម មាន​ចំនួន ០៦​នាក់ៈ ១-​ឈ្មោះ HE JI HUI ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន​មុខរបរ បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។
២-​ឈ្មោះ ZHOU FENG ហៅ GUANG TOU ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ LIU LI JIAN ហៅ LIU HUA QIANG ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ជំនាញ កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ YI CONG YONG ហៅ​DAO DAO ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន​មុខរបរ បុគ្គលិក​ក្រុមហ៊ុន ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ មិន​ពិតប្រាកដ​។
៥-​ឈ្មោះ YANG GUANGYUE ហៅ A GUI ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​មុខរបរ សន្តិសុខ ក្រុមហ៊ុន ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន​លេខៈ EG7273520 មាន​ទីលំនៅ មិន​ពិតប្រាកដ ។
៦-​ឈ្មោះ CHEN SHIWEI ហៅ A WEI ឬ DUO DUO ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ជំនាញ​កុំ​ព្យូ័​ទរ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន​លេខៈ EJ2970802 មាន​ទីលំនៅ មិន​ពិតប្រាកដ​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ករណី ចាប់​ឃុំ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ការ​នាំ​ចូល​សន្និធិ​អាវុធ​ដោយ​ខុសច្បាប់ មាន​ជនសង្ស័យ​០៥​នាក់ ជាប់​ពាក់ព័ន្ធ​បន្ថែម​ទៀត​៖
១-​ឈ្មោះ PENG JIN LONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន​មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ជំនាញ​កុំព្យូទ័រ ស៊ី​ង​ហឺ​ឆឹង លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។
២-​ឈ្មោះ CHEN WEI WEN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន​មុខរបរ អ្នកគ្រប់គ្រង​ផ្នែក​ទិញ​ឥ​វ៉ា​ន់ ស្នាក់​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ YANG WEI HENG ហៅ A WEI ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​សន្តិសុខ ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។
៤-​ឈ្មោះ LI WEI SONG ហៅ A JUN ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​សន្តិសុខ ស្នាក់​នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។
៥-​ឈ្មោះ WEI YA QI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​កាមេរ៉ា ស្នាក់​នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ ហើយ​ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន ក្នុង​ករណី ឃាតកម្ម ក៏​ជា​ក្រុម​តែ​មួយ​ជាមួយ​និង​ជនសង្ស័យ​ទាំង ០៥​នាក់ នេះ​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បញ្ជាក់​បន្ថែម​ថា​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​៥០​នាទី កម្លាំង​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​រំដោះ​បាន​ជន​រង​គ្រោះ​០៣​នាក់ ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ ចាប់​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​មួយ នៃ​ក្រុមហ៊ុន ស៊ី​ង​ហឺ​ឆឹង របស់​ជនសង្ស័យ ។

ជន​រង​គ្រោះ​រំដោះ​បាន​ចំនួន ទាំង​០៣​នាក់ ១-​ឈ្មោះ XIANG LENG XIANG ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ ២-​ឈ្មោះ BIAN YUE YANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ និង​៣-​ឈ្មោះ LIU YAY YAO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​៣ សង្កាត់​២ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។

ចំពោះ​មនុស្ស ០៣​នាក់​ទៀត (​បុរស​ជនជាតិ​ចិន​១​នាក់​, នារី​ជនជាតិ​ចិន​១​នាក់ និង​នារី​ជនជាតិ​វៀតណាម​១​នាក់​) គឺ​មិន​ជាប់​ពាក់ព័ន្ធ​និង​ករណី ឃាតកម្ម​គិត​ទុកជា​មុន (​សម្លាប់​រួច​យក​សាកសព​ទៅ​កប់​ចោល​) និង​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់ និង​ការ​នាំ​ចូល សន្និធិ​អាវុធ​ដោយ​ខុសច្បាប់ នេះ​ឡើយ ទើប​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ទទួល​បានការ​អនុញ្ញាតិ​ពី​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ កាំភ្លើង​វែង ០១​ដើម ម៉ាក​AK ពណ៌​ខ្មៅ មាន​លេខ​សម្គាល់ៈ 1967, បង់​កាំភ្លើង​AK ចំនួន​០២, គ្រាប់កាំភ្លើង​AK ចំនួន ៣៧​គ្រាប់​, កាំភ្លើងខ្លី ០២​ដើម​៖(១-​ម៉ាក ZORAKI 925-AUTO ពណ៌​ប៉ា​រ៉ា មាន​លេខ​សម្គាល់ៈ 2100858 បង់​កាំភ្លើង​ចំនួន​០២, ២-​ម៉ាក NP22 មាន​លេខ​សម្គាល់ៈ A098482 បង់​កាំភ្លើង​១ (​ឧបករណ៍​បាញ់​សម្លាប់​ជន​រង​គ្រោះ​)), គ្រាប់​កាំភ្លើងខ្លី​ប្រភេទ 9mm ចំនួន​៨៥​គ្រាប់​, ខ្នោះដៃ​០៤​គូរ​, ពិល​ឆក់​០៣​គ្រឿង​, ដំបង​ដែក​០២​ដើម​, រថយន្ត ០៣​គ្រឿងៈ (១-​ម៉ាក LEXUS RX330 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខៈ ភ្នំពេញ 2AR-5403 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​), ២-​ម៉ាក TUNDRA ពណ៌​ទឹកមាស ពាក់​ស្លាក​លេខៈ ព្រះ​សីហ​នុ 2A-5320 (​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​), ៣-​ម៉ាក LANDCRUISER ពណ៌​ស ពាក់​ស្លាក​)​។

សេចក្តីសន្និដ្ឋាន​រួម​៖ ឆ្លង​តាម​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ជុំវិញ​ករណី​នេះ ឃើញ​ថាៈ ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​វីឡា​មួយ​កន្លែង ស្ថិត​នៅ​ក្រុម​ទី​១៣ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​នេះ​បើ​យោង​តាម​សាក្សី​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​) រហូត​ដល់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ ឃើ​ង​ប្រទះ​ឃើញ​សាកសព​របស់​ជន​រង​គ្រោះ​ដែល​កប់​ចោល ពោល​គឺ​រយៈពេល ១០​ថ្ងៃក្រោយ​ពេល​កើតហេតុ​។

បច្ចុប្បន្ន​ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ រួចរាល់​ហើយ​។ ចំពោះ​សេសសល់​ដែល​រត់គេច​ខ្លួន​០២​នាក់​ទៀត ជា​ជនជាតិ​ចិន ភេទ​ប្រុស កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​កណ្តាល​សន្តិសុខ យ៉ាង​យកចិត្តទុកដាក់ និង​យ៉ាង​សកម្ម ដើម្បី​ស្វែងរក​ចាប់ខ្លួន យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ