គ្រាន់តែ​ខែមករា ឆ្នាំ​២០២២ ចាប់​បាន​បង្គា​ចាក់​ចាហួយ ជាង ៧​តោន

0

ភ្នំពេញ​៖ តាម​រយៈ​ការ​ប្រមូល​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នានា​តាម​បណ្ដា​ទីផ្សារ​ដោយ​មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. ក៏​ដូច​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​អំពី​ការ​ចរាចរ​នាំ​ចូល​នូវ​បង្គា​ចាក់​សារធាតុ CMC (​ចាហួយ​) មន្ត្រី​ជំនាញ ក​.​ប​.​ប​. ក៏​បាន​ឈាន​ដល់​ការ​ស្ទាក់​ចាប់​នូវ​រថយន្ត​ដឹក​បង្គា​ដែល​ត្រូវ​បាន​ចាក់​បញ្ចូល​នូវ​សារធាតុ CMC (​ចាហួយ​) ជា​ច្រើន​លើក​ក្នុង​ខែមករា ដើមឆ្នាំ​២០២២​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត មន្ត្រី​ក​.​ប​.​ប​. ក៏​បាន​បន្ត​កិច្ចសហការ​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​ឈរជើង​តាម​មាត់ច្រក​ព្រំដែន​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​បង្គា​ដែល​នាំ​ចូល​ពី​បរទេស​ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឱ្យ​បង្គា​ចាក់​សារធាតុ CMC (​ចាហួយ​) នេះ​អាច​ចរាចរ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឡើយ​។

ជាក់ស្ដែង គិត​ត្រឹម​ខែមករា ឆ្នាំ​២០២២ នេះ មន្ត្រី ក​.​ប​.​ប​. បាន​រក​ឃើញ និង​ដកហូត​បាន​បង្គា​ដែល​មាន​ចាក់​បញ្ចូល​សារធាតុ CMC (​ចាហួយ​) ពី​ទីផ្សារ មធ្យោបាយ​ដឹក​ជញ្ជូន និង​មាត់ច្រក​ព្រំដែន សរុប​បាន​ចំនួន ៧​តោន និង ៧៩២​គីឡូក្រាម​យក​មក​កម្ទេច​ចោល​។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏​សូម​អំពាវនាវ​ដល់​ធុរជន​ទាំងអស់​មេត្តា​ប្រកប​អាជីវកម្ម​ដោយ​សុចរិត​ភាព និង​តម្លាភាព ជៀសវាង​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ដែល​នាំ​ឱ្យ​ខាតបង់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF