ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​កោះ​ពេជ្រ

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង​00:៣០​នាទី​យប់​ឈាន​ចូល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ នៅ​ក្នុង កោះ​ពេជ្រ ស្ថិត​នៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ទាំង​២​មានឈ្មោះ ៖
១. ឈ្មោះ ភាន់ ភោគ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ​។
២. ឈ្មោះ បាន ពេជ្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ដើម​មៀន សង្កាត់ ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ​។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​00:៣០​នាទី​យប់​ឈាន​ចូល ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ ពួក​គេ​ពិតជា​បាន​ធ្វើ សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក icon នៅ​ក្នុង​កោះ​ពេជ្រ ពិតប្រាកដ​មែន​។ បន្ទាប់​ពី​ធ្វើ​សកម្មភាព លួច​ម៉ូតូ​បាន​សម្រេច ដោយ​ម៉ូតូ​ដែល បាន​លួច​នោះ​បញ្ឆេះ​មិន​ឆេះ ពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​DreamC125 រុញ និង​ធាក់​ពីក្រោយ រហូត​មក​ដល់​គល់​ស្ពាន​ហង្ស​កោះ​ពេជ្រ ក៏​ត្រូវ​បាន​សន្តិសុខ​កោះ​ពេជ្រ​ឃាត់​សួរនាំ ស្រប​ពេល​ដែល​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌចំការមន ដែល​ល្បាត​នៅ​ជិត​ទីតាំង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន ពួក​ខ្លួន​យក​មក​មូលដ្ឋាន​ខណ្ឌ​តែ​ម្តង​។ ជនសង្ស័យ​បាន​សារភាព​បន្ត​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជា​សម្ភារៈ​ផ្សេង​ៗ ច្រើន​លើក​មក​ហើយ ដូច​ជា​ទូរស័ព្ទ​ដៃ កាបូប និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​កង់​បី ឬ​ម្ចាស់​រថយន្ដ​ចត​តាម​ទី​សាធារណៈ ហើយ​គេង​លក់ និង​ពេល​មាន​មនុស្ស​កំពុង​អង្គុយ​ភ្លេចខ្លួន​នៅ​តាម​សួនច្បារ​សាធារណៈ ជាដើម​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ Phnom Penh Gendarmerie