ដោះស្រាយ​គំនុំ​ចាស់​!! ផឹក​ស្រវឹង​យក​កាំបិត​ខ្វែវ កាប់​គូរ​ទំនាស់​ស្លាប់

0

សៀមរាប​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​មនុស្សឃាតកម្ម​គិត​ទុកជា​មុន នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២​។

សមត្ថកិច្ច បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ ញ៉ូ​វ ទី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ ស្រុក​កំណើត​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២១​និង​២០​នាទី នៅ​ក្នុង​កម្មវិធី​បង្កក់កូន របស់​ឈ្មោះ​ស៊ា​ន ខន ភេទ​ប្រុស នៅ​ភូមិ​ក្រាំង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

សមត្ថកិច្ច បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​០០​ល្ងាច នៅផ្ទះ​ឈ្មោះ ស៊ា​ន ខន ភេទ​ប្រុស នៅ​ភូមិ​កើតហេតុ​ខាងលើ​មានកម្ម​វិធី​ជប់លៀង​បង្កក់កូន មាន​ភ្ញៀវ​ចូលរួម​ច្រើន​ផឹកស៊ី រហូត​ដល់​ម៉ោង​៩​និង​២០​នាទី​យប់ ជនសង្ស័យ​ខាងលើ​ស្រវឹងស្រា​បាន​យក​កាំបិត​ខ្វែវ ទៅ​កាប់​ជន​រង​គ្រោះ​ឈ្មោះ សយ បូ​រំ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្រុក​កំណើត និង​ទីលំនៅ​សព្វថ្ងៃ ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដែល​កំពុង​ផឹកស៊ី​ក្នុង​កម្មវិធី​បង្កក់កូន​ដែរ​នោះ ត្រូវ​ត្រង់​ដើមទ្រូង​ឆ្វេង​១​ខ្វែវ និង​ត្រង់​ស្មា​ខាងស្តាំ​១​ខ្វែវ បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ ពេល​នោះ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​រថយន្ត​មក​ពេទ្យ ដល់​ពាក់​កណ្តាលផ្លូវ ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​កាប់​ឈ្មោះ សយ បូ​រំ និង​ខ្វែវ​ពិតមែន​មូលហេតុ មាន​កំហឹង​និង​ជន​រង​គ្រោះ ដែល​បាន​វាយ​ប្អូន​ខ្លួន​កាលពី​ឆ្នាំទៅ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ រួម​ជាមួយ​វត្ថុ​តាង កាំបិត​ខ្វែវ ០១​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕