ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១១:៣០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយក្រោយបុរសជាជាតិចិនម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់ជាច្រើនគ្រាប់ស្លាប់នៅក្នុងថ្លូកឈាម ដោយហេតុការណ៍កើតឡើងនៅចំនុចសណ្ឋាគារ ស៊ីធីខមហ្វត តាមបណ្ដោយផ្លូវបេតុង ច្រកចូលវត្តតាំងកសាងខាងជើង ភូមិព្រៃសាឡា២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមានឈ្មោះ zhao song ភេទប្រុស អាយុ៤២ ជាជនជាតិចិន។
បើយោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីបរិភោគអាហារជាមួយប្រពន្ធ។ ក្រោយពេលបរិភោគអាហាររួច ពួកគេក៏នាំគ្នាត្រលប់មកសណ្ឋាគារវិញ ខណៈពេលដល់កន្លែងកើតហេតុ សន្តិសុខបានទៅបើកទ្វាររថយន្តអោយជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារគាំងមិនអាចបើកបាន។ ស្របពេលនោះមានជនសង្យ័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះទៅក្បែររថយន្ត ហើយក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះជាច្រើនគ្រាប់ បណ្ដាយឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ក្នុងនោះជនរងគ្រោះត្រូវផ្នែកពោះចំនួន ៥គ្រាប់ និងចំដៃខាងឆ្វេងចំនួន ៣គ្រាប់។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្យ័យបានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយកើតហេតុនសមត្ថកិច្ចធ្វើការហ៊ុព័ទ្ធដើម្បីធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ងាយស្រួលតាមចាប់ជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕