ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចាប់ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ដែលពាក់ព័ន្ធករណីលួចកាត់ដែកបង្កាន់ដៃផ្ទះគេនៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ូ ហាតួ អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។ ចំណែកជនសង្ស័យឈ្មោះ ឆន សុវណ្ណារ៉ា អាយុ ៣១ឆ្នាំ មានសារធាតុញៀនស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ រីឯជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់។ ចំពោះសម្ភារដែលដកហូតបានរួមមានដែកបង្កាន់ដៃចំនួន៥ផ្ទាំងប្រវែង១០ម៉ែត្រ។
ជនសង្ស័យដែលបានឃាត់ខ្លួនត្រូវយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ សហការី